សហគមន៍នៅតំបន់ ការពារធម្មជាតិពាមក្រសោប នៅខេត្តកោះកុង ចាប់ផ្តើមប្រមូលផលគ្រំចំពុះទា បណ្តើរៗហើយ!
កោះកុង៖ ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍នៅតំបន់ ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុង ខេត្តកោះកុង បានចាប់ផ្តើមប្រមូលផលគ្រំចំពុះទា បណ្តើរៗហើយដើម្បីចែកចាយ លក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់ក្រៅប្រទេស។
លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប បានប្រាប់ឱ្យដឹងថា នៅសហគមន៍របស់លោកអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ដល់ជាង៣០០០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។
ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បង្កើនការចិញ្ចឹមគ្រំចំពុះទា ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និង សេដ្ឋកិច្ចគ្រួសារ កាន់តែល្អប្រសើរឡើង។
គួរំលឹកថា នៅក្នុងខេត្តកោះកុងមានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃគ្រំចំពុះទាផងដែរ។
គ្រំចំពុះទា ជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាងនៅក្នុងតំបន់។
ជាមួយគ្នា គ្រំចំពុះទា គេអាចកែច្នៃជាមុខអាហារច្រើនប្រភេទ តាមតម្រូវការ និងជាពិសេសជាមុខម្ហូបសំខាន់ៗ នៅតាមភោជនីយដ្ឋានធំៗ និងបើតាមសណ្ឋាគារវិញគឺមានរហូតដល់លំដាប់ផ្កាយ៥ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។