គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទីពីរ ក្នុងព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាល ឆ្នាំ២០២៣ខាងមុខ
ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា ជំរុញការងារសិក្សាសមិទ្ធិលទ្ធភាព និងពង្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការចូលរួមផងដែរពី ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានរបស់ឯកឧត្តម អស់លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា រិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យការងារសិក្សាសមិទ្ធិលទ្ធភាព និងពង្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត មានខ្លឹមសារគ្រប់ជ្រុងជ្រោយ អាចទទួលយកបាន និងអាចអនុវត្តដោយរលូននៅពេលអនាគត ប្រកដោយគុណភាព និងប្រសិទ្ធភាពការងារខ្ពស់ ជាពិសេសដើម្បីឈានទៅរកការចុះកិច្ចសន្យាពេលខាងមុខ តាមផែនការដែលបានគ្រោងទុក។
សូមជម្រាបជូនថា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងក្លាយជាផ្លូវល្បឿនលឿនទីពីរក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។ ដោយរំពឹងទុកថានឹងបញ្ចប់តំណាលគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម ហើយនឹងធ្វើការតភ្ជាប់គ្នានៅត្រង់ចំណុចដែលទទួលបានការឯកភាពទ្វេភាគីតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។