ក្រសួងកសិកម្ម ប្រកាស​ព័ត៌មាន អំពី​វឌ្ឍនភាព​នៃ​ដំណោះស្រាយ ចំពោះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ នៅ​ខេត្តបន្ទាយមានជ័យ​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ជម្រាបជូន​សាធារណជន​មេត្តា​ជ្រាបថា ក្រោយពី​បាន ចុះទៅ​ដោះស្រាយ​បញ្ហា​ថ្លៃ​ស្រូវ​ជូន​បងប្អូន​ប្រជាកសិករ​នៅ​ខេត្តបាត់ដំបង ក្រុមការងារ​បាន​បន្ត​ដំណើរ​ចុះទៅ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ថ្លៃ​ស្រូវ​នៅ​ខេត្តបន្ទាយមានជ័យ​ជា​បន្តទៀត​។

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រុមការងារ​បាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ រួមមាន លោក​ឧកញ៉ា ភូ ពុ​យ អគ្គនាយក​នៃ​រោង​ម៉ាស៊ីនកិនស្រូវ​បៃតង ឯកឧត្តម ឃ្លោក នួ​យ អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តំណាង មន្ទីរ​ពាណិជ្ជកម្ម តំណាង​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​និង​ជនបទ លោក​-​លោកស្រី​អភិបាលស្រុក មេឃុំ តំណាង រោង​ម៉ាស៊ីនកិនស្រូវ និង​អ្នកប្រមូល​ទិញស្រូវ​ផ្គត់ផ្គង់​ទៅ​រោង​ម៉ាស៊ីនកិនស្រូវ​។​

​ជា​លទ្ធផល ក្រោយ​កិច្ចប្រជុំ​ដើម្បី​ធានា​ស្ថេរភាព​តម្លៃ​ស្រូវ លោក​ឧកញ៉ា ភូ ពុ​យ បានសម្រេច​ប្រកាស កំណត់​យក​ថ្លៃ​គោល​សម្រាប់​ស្រូវ​ផ្ការំដួល​ប្រភេទ​លេខ​១ មិន​ក្រោម ៩​បាត​/​គីឡូក្រាម ឬ ១ ០៤០​រៀល​/​គីឡូក្រាម នៅនឹងកន្លែង ដូច​នៅ​ខេត្តបាត់ដំបង​ដែរ និង​បាន​អំពាវនាវ​ដល់​ម្ចាស់​រោង​ម៉ាស៊ីន​ស្រូវ និង​ឈ្មួញ​ប្រមូល​ទិញស្រូវ ក្នុង​ខេត្តបន្ទាយមានជ័យ ឱ្យ​ចុះ​ប្រមូល​ទិញ​ដោយ​អនុវត្តតាម​ថ្លៃ​ដែល​បានកំណត់ ចាប់ពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។ ការ​អនុវត្ដ​នឹង​ចាប់ផ្តើម​ពី​គោលដៅ​ចំនួន​៨​ទីតាំង រួមមាន​៖ មួយ​ទីតាំងនៅ​ស្រុក​ភ្នំស្រុក មួយ​ទីតាំងនៅ​ស្រុក​ព្រះនេត្រព្រះ បី​ទីតាំងនៅ​ស្រុក​ស្វាយចេក និង​បី​ទីតាំងនៅ​ស្រុក​ថ្មពួក​។​

​ប្រជាកសិករ​គ្រប់​គោលដៅ​បាន​សាទរ​នឹង​ការអនុវត្ត​ថ្លៃ​គោល​នេះ​។ ក្នុងករណី​មាន​បញ្ហា​អ្នកទិញ អនុវត្ត​មិន​ត្រឹមត្រូវ សូម​បងប្អូន​ប្រជាកសិករ​មេត្តា​ទាក់ទង​ជាមួយ​មេឃុំ ឬ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ (​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៨៣៨ ៩៣៧) ដើម្បី​ទទួល​បានការ​អន្តរា​គម​។ សូម​អរគុណ​បងប្អូន​ប្រជាកសិករ និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​សហការ​អនុវត្ត​កិច្ចការ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close