រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ចាប់ពី​ថ្ងៃទី​២១ និង​ថ្ងៃទី​៣០ ខែវិច្ឆិកា

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាបថា ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ពិធី​បើក និង​ពិធី​បិទ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។

​ដើម្បីឱ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​ជុំវិញ​ទីតាំង ប្រារព្ធ​ពិធី​រហូតដល់​បញ្ច​ប់ក​ម្ម​វិធី ដោយ​មិន​អនុញ្ញាតឱ្យ​យានជំនិះ​គ្រប់​ប្រភេទ​ឆ្លងកាត់​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ពី​គល់ស្ពាន​ព្រែក​ព្នៅ​រហូតដល់​ផ្លូវជាតិ​លេខ​៦ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ និង​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២ រហូតដល់​បញ្ចប់​កម្ម​វិធី​សម្រាប់​ថ្ងៃ​នីមួយៗ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ខាងលើ មេត្តា​ជ្រាប យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ អនុគ្រោះ​។ ផុត​រយៈពេល​ហាមឃាត់​បណ្ដោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឱ្យ​ចរាចរ​ជាធម្មតា​វិញ​។​

​ទទួលបាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចាត់តាំង​អនុវត្ត​ឱ្យ មាន​ប្រសិទ្ធភាព​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close