សត្វព្រៃ​កម្រៗ ២០​ប្រភេទ បង្ហាញ​វត្តមាន​នៅក្នុង​តំបន់​អភិរក្ស ក្នុង​ខេត្តកោះកុង​

​កោះកុង​៖ ប្រភេទ​សត្វព្រៃ​កម្រៗ​ចំនួន ២០ ប្រភេទ ត្រូវបាន​រកឃើញ​មាន​វត្តមាន​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ ក្នុង​ខេត្តកោះកុង ដែល​​ក្នុងនោះ​រួមមាន​សត្វ​ពង្រូល ភេ​រោម​ច្រមុះ ឆ្កែព្រៃ ស្វា​ត្រោស ជ្រូកពោន ប្រើស​ស្បូវ និង​សត្វព្រៃ និង​ថនិកសត្វ បក្សី​ជាច្រើន​ទៀត​។

​ទិន្នន័យ​ថ្មី​នៃ​វត្តមាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ក្នុង​តំបន់​ការ ពារ​ធម្មជាតិ​កម្ពុជា បង្ហាញ​ពី​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ប្រជា​សហគមន៍ ដៃគូ​អភិវឌ្ឍ និង​អង្គការ​ដៃគូ​ដែល​ធ្វើការ​ងារ​លើ​ផ្នែក​អភិរក្ស​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា​។

​នេះ​គឺជា​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ច័ន្ទ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ ជាមួយ​ការបង្ហាញ​ពី​មោទកភាព​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន ដែល​បាន​ខិតខំ​ប្រឹង​ប្រឺ​ង​ការសិក្សា​ស្រាវជ្រាវ ប្រមូល​ចងក្រង​ទិន្នន័យ​ប្រភេទ​សត្វព្រៃ ដែលមាន​វត្តមាន នៅក្នុង​តំបន់​អភិរក្ស​របស់​ប្រទេស​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការអភិរក្ស និង​សម្រាប់​ការយល់ដឹង​របស់​សា​ធារ​ណេះ​ជន​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា ទិន្នន័យ​នៃ​វត្តមាន​សត្វព្រៃ​ទាំងនេះ ត្រូវបាន​ក្រុមការងារ​នៃ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» សហការ​ជា មួយ​នាយកដ្ឋាន​អភិរក្ស​តំបន់ឆ្នេរ​និង​សមុទ្រ នៃ​អគ្គនាយកដ្ឋាន​តំបន់ ការពារ​ធម្មជាតិ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​សិក្សា​ស្រាវជ្រាវ ដោយបាន​ចុះ​ដោះ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ខេត្តកោះកុង​ចំនួន ៣៤ ទីតាំង​ដោយ​ប្រើ​រយៈពេល ០៣ ខែ ចាប់ពី​ថ្ងៃទី​៨ ខែ សីហា ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២២​។

​ក្រុមការងារ​បាន​ចុះ​ប្រមូល​ទិន្នន័យ​ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​ជា​លទ្ធផល រកឃើញ​ពី​វត្តមាន​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ និង​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រភេទ​ជិត​ផុត​ពូជ​ខ្លាំង ប្រភេទ​ជិត​គំរាមកំហែង ប្រភេទ​ជិត​ផុត​ពូជ ប្រភេទ​ងាយ​រងគ្រោះ ប្រភេទ​មានការ​ព្រួយបារម្ភ​តិច​តូច ក្នុង​បញ្ជី​ក្រហម IUCN ចំនួន ២០ ប្រភេទ និង​ប្រភេទ​ថនិកសត្វ និង​សត្វ​ស្លាប​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ប្រភេទ​សត្វ​កម្រៗ​ទាំងនោះ រួមមាន​៖ ពង្រូល (Sunda Pangolin) ភេ​រោម​ច្រមុះ (Hairy-nosed Otter) ឆ្កែព្រៃ (Dhole) ស្វា​ត្រោស (Northern Pig-tailed Macaque) ស្វា​ក្តាម (Long-tailed Macaque) ខ្លាត្រី (Fishing Cat) ជ្រូកពោន ឬ​ព្រុល (Hog Badger) ប្រើស​ស្បូវ (Sambar) ឆ្មា​ដាវ (Leopard Cat) កំប្រុក​ព័ណ៌ (Variable Squirrel) ប្រ​ម៉ា (East Asian Porcupine) ឈ្លូស (Red Muntjac) ក្តាន់​ញ៉ែង​តូច (Lesser Oriental Chevrotain) សំពោចក្រអូប (Common Palm Civet) ជ្រូកព្រៃ (Wild Boar) ត្រកួត (Bengal Monitor Lizard) កេងកង​តូច (Oriental Pied Hornbill) មាន់ទោ​ប្រាក់ (Silver Pheasant) ក្រសារ​តូច សំបក​ទំពាំង (Malay Night-heron) មាន់ព្រៃ (Red Junglefowl) និង​ប្រភេទ​ថនិកសត្វ បក្សី មួយចំនួនទៀត​។ ប្រភេទ​សត្វ​មួយចំនួន​ដែល​បាន​រកឃើញ​នៅពេលនេះ ក៏បាន​បង្ហាញ​វត្តមាន​នៅតាម​តំបន់ការពារធម្មជាតិ​ផ្សេងៗ​ទៀត​នៅ ក្នុងការ​សិក្សា​ស្រាវជ្រាវ​កន្លងមក​ផងដែរ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា ក្រសួងបរិស្ថាន​សូម​ថ្លែង​អរគុណ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ មន្ទីរ​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​មូលដ្ឋាន​នៃ​ខេត្តកោះកុង​គាំទ្រ ដោយ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​នៃ​ក្រសួង​បរិ​ស្ថា​សម្រួល​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​។ ​ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ថ្លែងថា រួប​ភាព​សត្វព្រៃ​ដែល​ថត​បាន​និង​ទិន្នន័យ​នានា​នឹងត្រូវ​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន ធ្វើការ​វិភាគ​ពីរ​បាយ​សត្វព្រៃ ស្ថានភាព​ទីជម្រក កត្តា​គំរាមកំហែង ដែលជា​កម្មវត្ថុ​ធ្វើ​បច្ចុប្បន្នភាព​តំបន់​គ្រប់គ្រង និង​ផែនការ​គ្រប់គ្រង ដែនជម្រកសត្វព្រៃ នៅក្នុង​ខេត្តកោះកុង​។​

​ជាមួយនឹង​ដំណឹង​ដ៏​រីករាយ​នៃ​ការរកឃើញ​វត្តមាន​សត្វព្រៃ​កម្រ​ជាច្រើន​នេះ ក្នុងនាម​ក្រសួងបរិស្ថាន ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ ដែល​សុទ្ធសឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​របស់​កម្ពុជា​នេះ​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។

ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋ លេខាធិការ​បាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​រួម​នឹង​ដៃគូ​បាននិងកំពុង​អនុវត្ត​ទាំង​វិធានការ​ច្បាប់​ផង និង វិធានការ​បង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន​ដើម្បី​កាត់ផ្តាច់​ការពឹង​អាស្រ័យ​របស់​ប្រជាពលរដ្ឋ​ទៅលើ​ធនធានធម្មជាតិ ខណៈ​សេដ្ឋកិច្ចកម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន មាន​កំណើន​ការងារ និង​ប្រជាពលរដ្ឋ​មាន​ចំណូល​កាន់តែ ប្រសើរឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close