ក្រសួងអប់រំ ប្រកាសព័ត៌មានស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២២នេះ នៅតែមានភាពតឹងរឹង ហើយនឹងមានអ្នកសង្កេតការ របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងយុវជនសរុបជាង ៤៧០០នាក់ នឹងចូលរួមសង្កេតការណ៍ ក្នុងសម័យប្រឡងនេះ ។
ក្នុងសន្និសីទស្តីពីការប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ មានប្រសាសន៍ថា ការប្រឡងបាក់ឌុបឆ្នាំនេះនៅទូទាំងប្រទេស មានបេក្ខជនចូលរួមប្រឡងប្រមាណជាង ១២ម៉ឺននាក់ ហើយការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តមបានបន្តថា ចំពោះការប្រឡងនេះ រាល់បទបញ្ញតិ្ត ឬបទបញ្ជាទាំងអស់ ត្រូវអនុវត្តតាម ដែលមានការហាមមិនឲ្យយកសំណៅ ឬឯកសារសំណេរ ការលួចចម្លង ឬចម្លងតាមគ្នា ការ ប្រឡងជំនួស ការសូកប៉ាន់ជាដើម ដោយករណីខ្លះបើរកឃើញ នឹងត្រូវបញ្ឈប់ឲ្យប្រឡង ឬមានការអនុវត្តតាមច្បាប់ផងដែរ ។
ឯកឧត្តម ហង់ ជួនណារ៉ុន បានបន្ថែមថា ការប្រឡងគឺត្រូវអនុវត្តវិធានការសុខាភិបាល មាន ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែមិនត្រូវឲ្យបេក្ខជនតេស្តមុនការប្រឡងមួយថ្ងៃនោះទេ ហើយសម្រាប់បេក្ខជនដែលមានវិជ្ជមានកូវីដ-១៩ គឺក្រសួងនឹងរៀបចំទីតាំងប្រឡងដាច់ដោយឡែក មិនឲ្យមានហានិភ័យ ឬការព្រួយបារម្ភដល់បេក្ខជនដទៃ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់លទ្ធផលនៃការប្រឡងបាក់ឌុប គឺនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែធ្នូ ហើយសម្រាប់ខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ហើយការប្រឡងនេះទៀតសោត មិនមានកំណត់ថា ឆ្នាំនេះយកប៉ុណ្ណោះភាគរយ ឆ្នាំនោះយកប៉ុណ្ណោះភាគរយ គឺប្រឡងជាប់ប៉ុណ្ណា យកប៉ុណ្ណឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។