សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​គណកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា​អាមេរិក​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​បាន​ជួប​ជាមួយ​ប្រធានរដ្ឋសភា​ម៉ា​រ៉ុ​ក រួចហើយ ក៏បាន​បន្ត​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជា​បន្តទៀត ជាមួយ​ឯកឧត្តម Gregory W. Meeks ប្រធាន​គណៈកម្មការ​កិច្ចការបរទេស នៃ​រដ្ឋសភា​អាមេរិក​។

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម Gregory W. Meeks បាន​គោរព​សម្ដែង​នូវ​ការថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ដែល​បានរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ និង​កិច្ចប្រជុំ​អាយ​ប៉ា ជាពិសេស នៅពេលដែល​ពិភពលោក​កំពុងមាន​បញ្ហា​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយ​។​

​ឯកឧត្តម​បន្តថា ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​បាន​សង្កេតឃើញ កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ខាងលើ​បាន​ដោយ​ជោគជ័យ ដែល​ឆ្លុះបញ្ចាំង​នូវ​ភាពជា​អ្នកដឹកនាំ ដែល​អ្នក​ដទៃទៀត​ពិបាក​នឹងធ្វើ​ដូច ហើយ​ដំណើរ​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាយ​ប៉ា ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​បន្ថែមទៀត តាមរយៈ​ការអញ្ជើញ​មក​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ របស់​ឯកឧត្តម​ប្រធានាធិបតី ចូ បៃ​ដិ​ន​, តាមរយៈ​ការអញ្ជើញ​មក​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ មក​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ និង​តាមរយៈ​ការចូលរួម​កិច្ចប្រជុំ​អាយ​ប៉ា ដែល​លោកជំទាវ​អនុ​ប្រធានាធិបតី បាន​សម្ដែង​នូវ​ការរីករាយ​យ៉ាងខ្លាំង ដែល​រូប​ឯកឧត្តម បាន​ជួប​សន្ទនា​ជាមួយ​សម្ដេច​តេ​ជោ គឺជា​ការប្ដេជ្ញាចិត្ត​រប​ស់​សហរដ្ឋអាមេរិក ចំពោះ​កម្ពុជា និង​អាស៊ាន ដើម្បី​ជួយ​ពង្រឹង​គ្នា​ទៅវិញទៅមក​ទាំង​ផ្នែក​នីតិបញ្ញត្តិ និង​ផ្នែក​នីតិប្រតិបត្តិ ។

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​សហរដ្ឋអាមេរិក ដែល​បាន​គាំទ្រ​កម្ពុជា​ក្នុង​ភាពជា​ប្រធាន​អាស៊ាន រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​កំពូល​នៅ​សហរដ្ឋអាមេរិក​ផង និង​មក​ចូលរួម​កិច្ចប្រជុំ​នៅ​កម្ពុជា​ផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏បាន​រៀបចំ​ឱ្យមាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក និង​រដ្ឋមន្ត្រី​ការពារ​ជាតិចិន នៅ​ទីក្រុង​សៀមរាប​ទៀតផង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា នៅពេលនេះ គឺ​ល្អ​ជាង​ពេលណាៗ​ទាំងអស់​, សហរដ្ឋអាមេរិក​នៅពេល​នេះ មាន​ស្ថានទូត​ដ៏​ល្អ​មួយ ដែល​កន្លងមក​មិន​ធ្លាប់មាន ហើយ​ចំណែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ គឺមាន​ការកើនឡើង​ប្រមាណ​១៨​ភាគរយ ជាមួយនឹង​វត្តមាន​របស់​ក្រុមហ៊ុន​ហ្វ​ត (Ford) និង​ក្រុមហ៊ុន​ជី​អ៊ី (GE) ដែល​កំពុង​ប្រតិបត្តិការ​យ៉ាងសកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close