សម្ដេច​ក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ពង្រាង​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​.) បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ពង្រាង​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ស​.​ច​.​គ ឯកឧត្តម និង​លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​ចំណុះ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជាច្រើនរូប​ទៀត​។​

​អញ្ជើញ​មានប្រសាសន៍​បើក​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា​កិច្ចប្រជុំ​នៅថ្ងៃនេះ គ្រោង​ធ្វើឡើង​តាំងតែ​ពី​ចុងឆ្នាំ​២០២០​មកម្ល៉េះ ក៏ប៉ុន្តែ​ដោយសារ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ត្រូវ​បាន​ពន្យា​ពេល​មួយរយៈ​។ យ៉ាងណាក៏ដោយ សម្ដេច​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. ដែល​បាន​ខិតខំ​សម្របសម្រួល​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​សេចក្ដីព្រាង​ផែនការ​ជាតិ​នេះ​ឡើង​។

​សម្ដេច​ប្រធាន គ​.​ស​.​ច​.​គ បាន​សម្ដែង​ការពេញចិត្ត​ចំពោះ​ផែនការ​នេះ ដ្បិត​មាន​ទស្សនវិស័យ​វែងឆ្ងាយ និង​ប្រាកដនិយម ក្នុងការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​។ សម្ដេច​បាន​ឯកភាព​ចំពោះ​យោបល់​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ពិនិត្យ​លទ្ធភាព​ពិចារណា​ស្នើសុំ​រាជរដ្ឋាភិបាល​កំណត់​ឆ្នាំ​ផលិត​រថយន្ត​នាំ​ចូលមក​កម្ពុជា ដើម្បី​កាត់បន្ថយ​រថយន្ត​ជជុះមាន​ហានិភ័យ​។ សម្ដេច​ក៏បាន​ជំរុញ​ឱ្យ​ខិតខំ​បន្ថែមទៀត​ក្នុងការ​ជំរុញ​ការបំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដងផ្លូវ​។​

​លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. ថ្លែងថា​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​ផែនការ​សកម្មភាព​រយៈ​ពេល​១០​ឆ្នាំ ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ និង​ជា​ផែនការ​ជាតិ​លើក​ទី​២ បន្ត​ពីលើ​ក​ទី​១ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២១​។ ផែនការ​នេះ ជា​ឧបករណ៍​រួមចំណែក​សម្រេច​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្របតាម​គោលនយោបាយ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​លោកជំទាវ​បន្តថា ផែនការ​ជាតិ​នេះ បាន​សម្របសម្រួល​ទៅតាម​ផែនការ​សកម្មភាព​អង្គការសហប្រជាជាតិ (UN) ផ្អែក​តាមច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​ស្របតាម​ការវិវត្តន៍​ជឿនលឿន​របស់​ជាតិ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចរាចរណ៍​ផ្លូវគោក ដូចជា​អត្រា​កំណើនប្រជាជន កំណើនសេដ្ឋកិច្ច កំណើន​យានយន្ត ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​ផ្លូវថ្នល់ ស្ថានភាព​គ្រោះថ្នាក់​ចរាច​រណ៍​ផ្លូវគោក បទពិសោធន៍​ល្អៗ​នៃ​វិធានការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​នានា​។​

​របាយការណ៍​ឱ្យដឹងថា ផ្នែក​សំខាន់​នៃ​ផែនការ​ជាតិ​ទសវត្សរ៍​សុ​ត្ថ​ភាព​ចរាច​ណ៍​ផ្លូវគោក​លើក​ទី​២ មាន​គោលបំណង​កាត់បន្ថយ​អ្នកស្លាប់ និង​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​៥០​ភាគរយ​នៅ​ឆ្នាំ​២០៣០ ដោយ​ផ្ដោតលើ​គោលដៅ​សំខាន់​២ រួមមាន ទី​១.​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​តាម​កត្តា​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​ទី​២.​បង្កើន​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​ផ្អែកលើ​សរសរ​ស្ដម្ភ​ចំនួន​៦​។​

​សរសរ​ស្ដម្ភ​ទាំង​៦​នោះ ត្រូវបាន​លោកជំទាវ មឹន មាណវី រាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គប្រជុំ​ថា ទី​១.​ការពង្រឹង​យន្តការ​គ្រប់គ្រង​និង​ដឹកនាំ​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​, ២.​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​, ៣.​ពង្រឹង​ការអប់រំ ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​, ៤.​ពង្រឹង​ការគ្រប់គ្រង​វិស្វកម្ម​សុវត្ថិភាព​ផ្លូវថ្នល់​, ៥.​ពង្រឹង​ប្រសិទ្ធភាព​នៃ​សេវា​សង្គ្រោះ​បឋម​និង​សង្គ្រោះបន្ទាន់ និង​ទី​៦.​ពង្រឹង​ការគ្រប់គ្រង​សុវត្ថិភាព​យានយន្ត​។​

​សូមបញ្ជាក់ថា យុទ្ធសាស្ត្រ​នៃ​ផែនការ​នេះ​បានកំណត់​គោលដៅ​ជាក់លាក់​លើ​រាជធានី និង​ខេត្ត​មាន​ស្លាប់ និង​របួស​ច្រើន រួមមាន​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និង​ខេត្តកំពត ដោយ​ផ្ដោតលើ​មូលហេតុ​នាំឱ្យមាន​គ្រោះថ្នាក់ ដូចជា​ការបើកបរ​លើ​ស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធិ​អាទិភាព ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close