រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី, លោក Narumon (Nannie) Ringsuansin អតីប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា និងសហការី ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញបរិយាកាសធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិស័យសក្តានុពលផ្សេងៗទៀតរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើឡើង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញមកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅរបស់គណៈប្រតិភូថៃនៅពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឱ្យ លោកប្រធាន និងគណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្ត្រី បន្តជម្រាបជូនគណៈប្រតិភូថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។
ជាមួយគ្នានេះ លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចំណាយពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូធុរកិច្ចថៃ នាពេលនេះ។
លោក បានបន្តថា គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា នាពេលនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។