ក្រសួងទេសចរណ៍ អំពាវនាវ​កុំឱ្យ​ដំឡើងថ្លៃ​សេវាកម្ម​ទេសចរណ៍ ក្នុងពេល​ប្រឡង​បាក់​ឌុប​ខាងមុខ​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ បានចេញ​សេចក្ដីអំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​សូមកុំ​ដំឡើងថ្លៃ​សេវាកម្ម ឬ​សម្រួល​ថ្លៃ​សេវាកម្ម​ចំពោះ​អនុរក្ស និង​សិស្សានុសិស្ស​ដែល​ត្រូវ​ចូលរួម​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ខាងមុខ​។​

​គួរ​ជម្រាប​ថា ចាប់ពី​ថ្ងៃទី​៥-៦ ខែធ្នូ ឆ្នាំ​២០២២​ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​រៀបចំ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ទូទាំងប្រទេស ដូច្នេះ​អនុរក្ស​និង​សិស្សានុសិស្ស​អាច​នឹង​ចាំបាច់​ត្រូវ​បម្លាស់​ទី​មក​ទី​រួម​ខេត្ត ឬ​តាម​ទីតាំង​មណ្ឌល​ប្រឡង​ផ្សេងៗ​ដែល​ឆ្ងាយ​ពី​លំនៅដ្ឋាន​បច្ចុប្បន្ន ដើម្បី​ចូលរួម​ការប្រឡង​នោះ​។​

​ក្នុងន័យនេះ ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ជាមុន​ចំពោះ​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែលជា​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់ ពិសេស​ចំពោះ​សេវា​ស្នាក់នៅ សេវាកម្ម​ម្ហូបអាហារ និង​សេវាកម្ម​ដឹកជញ្ជូន មេត្តា​បង្កលក្ខណៈ​ងាយស្រួល​កុំ​ដំឡើងថ្លៃ​សេវាកម្ម ឬ​សម្រួល​ថ្លៃ​សេវាកម្ម​ចំពោះ​អនុរក្ស​និង​សិស្សានុសិស្ស​ក្នុងពេល​ប្រឡង​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close