អាជ្ញាធរជាតិព្រះវិហារ បញ្ចប់គម្រោងជួសជុលជណ្តើបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៣
អាជ្ញាធរជាតិព្រះវិហារ បានបញ្ចប់គម្រោងជួសជុលជណ្តើបុរាណខាងជើង ប្រាសាទព្រះវិហារ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដោយសម្រេចបានលទ្ធផលដូចខាងក្រោម៖
១. អភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងពីថ្នាក់ទី៦ ដល់ទី៧
២. អភិរក្សនិងជួសជុលចម្លាក់តោចំនួន ២
៣. រៀបចំប្រព័ន្ធរំដោះទឹកខាងក្រោមកាំជណ្តើរនិងសងខាងជណ្តេីរបុរាណ
៤. ផ្សព្វផ្សាយកម្មវិធីអប់រំបេតិកភ័ណ្ឌដល់សិស្សសាលា។
សូមបញ្ជាក់ថា៖ ដំណាក់កាលទី១ (ឆ្នាំ២០១៨-២០១៩) អាជ្ញាធរជាតិព្រះវិហារ បានសិក្សានិងវិភាគហានិភ័យផ្នែកស្ថាបត្យកម្មនៃជណ្តើរបុរាណខាងជើងទាំងមូល ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា សិក្សានិងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ សាកល្បង ជួសជុលនិង អភិរក្សជណ្តើរថ្នាក់ទី៥ និងចម្លាក់តោចំនួនមួយ។ ចំណែកឯ ដំណាក់កាលទី២ (ឆ្នាំ២០២០-២០២១) បានអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើង ពីថ្នាក់ទី២ ដល់ទី៤ អភិរក្សនិងជួសជុលស្ពានហាលខាងលិចប្រវែង ៩ ម អភិរក្សនិងជួសជុលចម្លាក់ តោចំនួន ១ និងគុជសីហ៍ចំនួន ១។
អជ្ញាធរជាតិព្រះវិហារ នឹងបន្តអនុវត្តគម្រោងដំណាក់កាលទី៤ រយៈពេលពីរឆ្នាំ (២០២២ ដល់២០២៤) ដើម្បីជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីថ្នាក់ទី១១ ដល់១៤ ក្រោមជំនួយថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។