បង្ហាញមុខ​ស្ត្រី ២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង ៥​គីឡូក្រាម

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ បានធ្វើការ​បង្ហាញខ្លួន​ស្ត្រី ជា​ជនសង្ស័យ​ចំនួន​២​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន ជាង ៥​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ នា​វេលា​ម៉ោង​១០ និង​៣០​នាទី កម្លាំង​ជំនាញ​(​ក​១១) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ី ផល្លា នាយករង​មន្ទីរ ,​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ តុលា នាយករង​មន្ទីរ , លោក​វរសេនីយ៍ទោ ផាង គឹម​ហួត នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក សេង ឃុន​ណា​ង នាយការិយាល័យ មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​របស់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ស្ថិតក្នុង​ភូមិ​បឹង​ខ្ទុំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឃាត់​ជនសង្ស័យ ២​នាក់​: ទី​១: ឈ្មោះ ស៊ិន សា​រ៉ា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ​។ និង​ទី​២-​ឈ្មោះ នាក់ ស្រីអូន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ។ ព្រមទាំង​ចាប់យក​វត្ថុតាង​រួមមាន​៖ សារធាតុ​ញៀន ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE)​ចំនួន ៥​ដុំ​ធំ ស្មើ​ទម្ងន់ ៥ គ​.​ក្រ ៥៨៦ ក្រាម​។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង​ចាប់​យកបាន សមត្ថកិច្ច​ជំនាញ កំពុងតែ​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close