សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​១១​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មី​នេ​បៀ​របស់​ជប៉ុន​នៅ​កម្ពុជា

​នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២ ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​១១​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​មី​នេ​បៀ Minebea(Cambodia) របស់​ជប៉ុន នៅក្នុង​ប្រទេស​កម្ពុជា​។​



ក្រុមហ៊ុន​មី​នី​បៀ​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ជប៉ុន ដែល​បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ ដោយ​ផលិត​ជា​ម៉ូ​ទ័​រ​សម្រាប់​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផលិត​អំពូល LED និង​សម្ភារៈ​ក្មេង​លេង​កម្សាន្ត​ផងដែរ​។​ ​ក្រុមហ៊ុន​ធ្លាប់បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ទុនវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា មាន​រហូតដល់​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក និង​ផ្តល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​បាន​ជាង ៦​ពាន់​នាក់​។​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បានដាក់​ទុនវិនិយោគ​សរុប​រហូតដល់ ១,១២៤​ពាន់​លាន​យេន ស្មើនឹង​ជាង ៨​ពាន់​លាន​ដុល្លារ នៅ ៩៥​កន្លែង​ទូទាំង​ពិភពលោក​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ខួប​១១​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មី​នេ​បៀ​នៅ​កម្ពុជា និង​បានមក​សួរសុខទុក្ខ​ដោយផ្ទាល់​ដល់​បុគ្គលិក កម្មករ កម្មការិនី ទាំងអស់​នៃ​ក្រុមហ៊ុន​ក្រុម​មី​នេ​បៀ​នាពេលនេះ​។ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​សម្តេច​បាន​អញ្ជើញ​មកកាន់​ក្រុមហ៊ុន​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ជំនឿ​ចិត្ត ជា​ចំណុច​ពិសេស​នៃ​ការរីកលូតលាស់​របស់​ក្រុម​មី​នេ​បៀ របស់​ជប៉ុន​នៅ​កម្ពុជា​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​ទៀតថា គោលនយោបាយ​វិនិយោគ​របស់​កម្ពុជា​គឺ «​ត្រី​ណា​មក​មុន​ចាប់យក​មុន » គឺ​មិន​ប្រកាន់​ត្រី​តូច ឬ​ត្រី​ធំ​នោះទេ​។ សម្តេច​តេ​ជោ​បាន​រំលឹកថា កន្លងមកនេះ មាន​ក្រុមហ៊ុន​មួយ​បាន​ស្នើអោយ​សម្តេច​បញ្ឈប់​ការវិនិយោគ​របស់​ក្រុមហ៊ុន​មី​នេ​បៀ​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០១០ តែ​ត្រូវបាន​សម្តេច​បញ្ជាក់​ទៅវិញ​ថា សម្តេច​មិនអាច​បំពាន​ការសម្រេច​របស់​សម្តេច​បាន​នោះឡើយ​។​សម្តេច​តេ​ជោ​បានបង្ហាញ​នូវ​ក្តី​រីករាយ ដែល​បានរួម​ចំណែក​ឱ្យ​ក្រុមហ៊ុន​មី​នេ​បៀ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ជាមួយនឹង​ទុន​កើន​ដល់ ៦០០​លាន​ដុល្លារ និង​មាន​មាន​កម្មករ​បម្រើ​ការងា​រ​រហូតដល់​៦​ពាន់​នាក់​នេះ​។​

​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ថា ពេល​ចាប់ផ្តើម​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បាន​រង​ការប្រមាថ​ខ្លាំងណាស់​ពី​បណ្តាញ​ព័ត៌មាន​អន្តរជាតិ លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​តេ​ជោ​បាន​ចោទ​សួរថា តើ​ពួកគេ​មានការ​ខ្មាសអៀន​ទេ ពេល​កម្ពុជា ទទួលបាន​ជោគជ័យ​លើ​ការប្រយុទ្ធប្រឆាំង​លើ​ជំងឺ​កូ​វីដ​។ សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​កម្ម​ការិនី​ទាំងអស់​ដែល​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ភាពជោគជ័យ​។

​ដោយសារតែ​ក្រុមហ៊ុន​មី​នេ​បៀ​នេះ​បាន​ផលិត​នៅ​គ្រឿង​បង្គំ​ក៏ដូចជា​អំពូល LED កំពូល​ឆ្លាត​វៃ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​អភិបាល​រាជធានី ខេត្ត ឱ្យ​បញ្ជា​ទិញ​អំពូល​ភ្លើង​វ័យឆ្លាត​ដែល​ផលិត​នៅ​កម្ពុជា​ដាក់​បំភ្លឺ​តាម​ដងផ្លូវ​នៅតាម​ខេត្ត​ក្រុង​របស់ខ្លួន​ផងដែរ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​ក៏បាន​អោយដឹងថា ឯកឧត្តម កែវ រតនៈ ប្រធាន​អគ្គិសនី​កម្ពុជា ក៏បាន​នាំ​ក្រុមហ៊ុន​មី​នេ​បៀ​ទៅពិនិត្យ​លទ្ធភាព​បង្កើត​រោងចក្រ​នៅ​ខេត្តពោធិ៍សាត់​ផងដែរ​។​នៅថ្ងៃនេះ សម្ដេច​តេ​ជោ​បាន​បង្ហើប​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នេះ នាពេល​ដ៏​ខ្លី​ខាងមុខ​នឹងមាន​ក្រុមហ៊ុន​ដំឡើងរថយន្ត Toyota នៅទីនេះ​ផងដែរ ដែល​នឹង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បន្ថែមទៀត​នៅទីនេះ​។

សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​កោតសរសើរ​ភាព​សុខដុម​រវាង​រោងចក្រ​មី​នេ​បៀ និង​កម្មករ​រោងចក្រ ដោយ​មិន​ដែលមាន​ផ្ទុះ​បាតុភាព​អ្វី​ទាំងអស់​ជាមួយ​កម្មករ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​កត់សម្គាល់ថា ភាព​សុខដុម​នៅ​ក្រុមហ៊ុន​មី​នេ​បៀ ជា​ពិសោធន៍​ល្អ​នៃ​ការគ្រប់គ្រង​។ សម្តេច​តេ​ជោ បាន​ណែនាំ​រោងចក្រ​នានា យក​ពិសោធន៍​គ្រប់គ្រង​ពី​ក្រុមហ៊ុន​មី​នេ​បៀ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កត្តា​សំខាន់បំផុត​ដែលនាំឱ្យ​ក្រុមហ៊ុន​ទាំងអស់​អាច​បន្ត​វិនិយោគ​នៅ​កម្ពុជា គឺ​ត្រូវការ​ចាំបាច់​បំផុត គឺ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​។​

នៅថ្ងៃនេះ សម្ដេច​តេ​ជោ​ក៏បាន​ផ្ដល់ជូន​ដល់​កម្មករ​កម្មការិនី​ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​មី​នេ​បៀ​ប្រមាណ​ជាង​៦​ពាន់​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​៥​ម៉ឺន​រៀល និង​ផ្ដល់ជូន​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​ចំនួន​១៧៨​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​១​លាន​រៀល​ផងដែរ​។ សម្តេច​តេ​ជោ​ក៏បាន​ជូនពរ​បងប្អូន កម្មករ​កម្មការិនី​ទាំងអស់​ទទួលបាន​នូវ​សេច​កី​សុខ សេច​កី​ចម្រើន និង​ជោគជ័យ​ក្នុង​ការងារ​ជា​បន្តបន្ទាប់​ទៀត​។ នៅ​ចុងបញ្ចប់ សម្តេច​តេ​ជោ​ក៏បាន​អញ្ជើញ​ពិនិត្យមើល​ការតាំង​បង្ហាញ​ផលិតផល​ស្នាដៃ​របស់​ក្រុមហ៊ុន​មី​នេ​បៀ​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​បរិយាកាស​រីករាយ​បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close