កម្ពុជា បន្ត​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ៤​បន្ថែមទៀត បើក​ដំណើរការ​

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មីៗ​ចំនួន ៤​បន្ថែមទៀត បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​ទំហំ​ទុនវិនិយោគ​ជិត ១៧២​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​ជាច្រើន​ពាន់​កន្លែង​ផងដែរ​។

​តាម​សំណើសុំ​វិនិយោគ​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ផ្កាយ​៥ ចំនួន ៥៨២​បន្ទប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​មណ្ឌល​កម្សាន្ត​របស់​ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ប្រមាណ ១៦៤,៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៤៥៥​កន្លែង​។​

​ដោយឡែក តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “ONEPLUS NEW MATERIAL TECHNOLOGY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ប្លា​ស្ទិ​ក គ្រឿង​តំណ​បំពង់​ទីប​ជ័រ​គ្រប់​ប្រភេទ និង​គ្រឿង​បន្ទាប់បន្សំ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន ៥,៥​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៧០​កន្លែង​។​

២- “JINLAI TEXTILES CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ភួយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១០០​កន្លែង​។​

៣- “XINJINCAI PLASTIC (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ធ្វើ​ពី​ប្លា​ស្ទិ​ក ស្កុ​ត និង​ស្ទិ​ក​ឃ័​រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨០​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close