ស៊ូដង់ មានករណីជំងឺគ្រុនឈាម លើសពី ៤,០០០នាក់
ខារទូម៖ ក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា ចំនួនករណីជំងឺគ្រុនឈាមសរុប នៅក្នុងប្រទេសស៊ូដង់បានកើនឡើងលើសពី ៤.០០០នាក់ហើយ ខណៈដែលប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ កំពុងតស៊ូដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ក្រសួងបានអះអាង តាមរយៈរបាយការណ៍ដែលបានចេញផ្សាយ សប្តាហ៍នេះថា មានករណីជំងឺគ្រុនឈាមចំនួន ៤,១០៤ ករណី និងមានមនុស្សស្លាប់២៩នាក់ ដោយបន្ថែមថា ជំងឺនេះបានរីករាលដាលនៅក្នុងរដ្ឋចំនួន៩ របស់ស៊ូដង់។
លោក Montasir Mohamed Osman ប្រធានផ្នែកសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការគ្រប់គ្រងការរាតត្បាតនៃក្រសួងសុខាភិបាលស៊ូដង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរីករាលដាលនៃជំងឺគ្រុនឈាមត្រូវបានសន្មតថាមកពីភ្លៀងធ្លាក់ខ្លាំង និងកង្វះការផ្គត់ផ្គង់សំខាន់ៗដូចជាថ្នាំសម្លាប់សត្វល្អិត និងមុង ខណៈមេរោគគ្រុនឈាមឆ្លងទៅមនុស្ស តាមរយៈមូសខាំ។
ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ឬប្រហែល ៤ ពាន់លាននាក់ រស់នៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺគ្រុនឈាម។ នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយ កាលពីខែវិច្ឆិកា អង្គការសហប្រជាជាតិបានព្រមានអំពីនិន្នាការកើនឡើងនៃករណី ជំងឺកញ្ជ្រឹល ជំងឺគ្រុនឈាម និងជំងឺរលាកថ្លើមប្រភេទ E នៅក្នុងប្រទេសស៊ូដង់ ដោយហៅការផ្ទុះឡើងនៃជំងឺឆ្លងទាំងនេះថា ជាកង្វល់ដ៏ធំមួយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។