ឯកឧត្ដម លី ធុជ អបអរសាទរ​ខួប​៣០​ឆ្នាំ របស់​អង្គការ MAG ដែល​បាន​ចូលរួម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា

​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ផ្ញើ​សារ​ជូន​លោក Alexey Kruk ប្រធាន​អង្គការ MAG ប្រចាំ​កម្ពុជា និង​ក្រុមការងារ MAG ទាំងអស់ ក្នុងឱកាស​ប្រារព្ធ​ខួប ៣០​ឆ្នាំ នៃ​ការងារ​សកម្មភាព​មីន​នៅ​កម្ពុជា ដែលជា​ការងារ​ដ៏​អស្ចារ្យ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ និង​ការចូលរួមចំណែក​ក្នុង​ការកសាង​អនាគត​របស់​កម្ពុជា​។​

​ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ បាន​កោតសរសើរ​ដល់​អង្គការ MAG ដែល​ទទួលបាន​ការរីក​ចម្រើន​យ៉ាងខ្លាំង និង​បាន​កសាង​សុច្ឆន្ទៈ​ដ៏​លេចធ្លោ​នៅក្នុង​សហគមន៍ ព្រមទាំង​ជូនពរ​ឲ្យ​អង្គការ MAG ទទួលបាន​ជោគជ័យ​ជាច្រើន​ឆ្នាំ​បន្ថែមទៀត និង​រួមចំណែក​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ផ្តល់​ការគាំទ្រ និង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ MAG រហូតដល់​ប្រទេស​កម្ពុជា​រួច​ផុតពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំងអស់​។​

​ឯកឧត្ដម​បាន​មានប្រសាសន៍​លើកឡើងថា “​ក្នុង​ឆ្នាំ ១៩៩២ ខណៈពេលដែល​ភាគី​ប្រដាប់អាវុធ​ពាក់ព័ន្ធ​នៅតែមាន​ទស្សនៈ​ផ្សេងគ្នា​អំពី​របៀប​ជួយ​ដល់​ការធានា​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា នៅពេលនោះ យើង​បាន​ឯកភាព​លើ​តម្រូវការ​មនុស្សធម៌​ជាបន្ទាន់​មួយ នោះ​គឺ​ការចាប់ផ្តើម​បោសសម្អាត​មីន ដើម្បី​មាតុភូមិនិវត្តន៍ និង​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក សកម្មភាព​មីន បាន​វិវត្តន៍​ពី​ដំណាក់កាល​កសាងឡើង​វិញ​ជាមួយនឹង​ជម្លោះ​ប្រដាប់អាវុធ​ដែល​កំពុង​បន្ត​រហូតដល់​ដំណាក់កាល​អភិវឌ្ឍន៍​ឥឡូវនេះ​”​។​

“​ទោះបី​ជាមាន​ព្រឹត្តិការណ៍​អកុសល​នៅ​ឆ្នាំ​១៩៩៦ ដែល​អង្គការ MAG បាន​បាត់បង់​វីរបុរស​ដ៏​អស្ចារ្យ​ចំនួន​ពីររូប ដោយសារ​ខ្មែរក្រហម គឺ​លោក Christopher Howes និង​លោក Huon Hourth ប៉ុន្តែ​ឆន្ទៈ​របស់​អ្នកដោះមីន​ដ៏​ក្លាហាន​របស់​អង្គការ MAG បាន​បន្ត​ការខិតខំ​ប្រឹងប្រែង ដើម្បី​បោសសម្អាត​មីន​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ​។ ខ្ញុំ​ពិតជា​សូម​អរគុណ​ចំពោះ​ការលះបង់​របស់​អង្គការ MAG មិនអាច​បំភ្លេចបាន​”​។​

“​ឆ្នាំនេះ គឺជា​ខួប​លើក​ទី ៣០ នៃ​ការបង្កើត​អង្គការ MAG នៅ​កម្ពុជា សូម​ឲ្យ​យើង​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ដើម្បី​ចងចាំ និង​អរគុណ​ដល់​វីរបុរស​ដែល​បាត់បង់​ជីវិត​របស់​យើង​ទាំងអស់ ដែល​បាន​លះបង់​ជីវិត​សម្រាប់​សកម្មភាព​មីន និង​សូម​អរគុណ​ដល់​វីរបុរស​កំចាត់មីនរ​បស់​យើង ដែល​បន្ត​ធ្វើការ​ដោយ​មិន​ភ័យខ្លាច និង​ឥតឈប់ឈរ ដើម្បី​កំចាត់​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ពី​ប្រទេសជាតិ​របស់​យើង​”៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close