ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​រយៈពេល​៣​ថ្ងៃ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ រហូតដល់​ថ្ងៃទី​១៦ ក្នុង​ខែធ្នូ ឆ្នាំ​២០២២

​ឯកឧត្តម ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា តាម​ការគ្រោងទុក​ពិធី​រំលឹក​គុណ​អង្គរ ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤​ដល់ទី​១៦ ខែធ្នូ ឆ្នាំ​២០២២ ដែលមាន​កម្មវិធី​សាសនា ស្ដង់​ពិ​ព័ណ៌ និង​ការសម្ដែង​សិល្បៈ​បុរាណ​នៅពេល​រាត្រី​។​

​ដោយ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ពិធីបួងសួង​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​អង្គការ​យូ​ណេ​ស្គូ​ប្រចាំ​កម្ពុជា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​។ នៅ​ព្រឹក​ថ្ងៃ​នោះដែរ​បន្ទាប់ពី​កម្មវិធី​បួងសួង ក៏មាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ចំនួន​១៣០​អង្គ​ផងដែរ​។​

​ឯកឧត្តម ឡុង កុសល បានឱ្យដឹង​ទៀតថា នៅ​ថ្ងៃ​បន្តបន្ទាប់​ក៏មាន​នូវ​ទស្សនីយភាព​ជាច្រើន​ដូចជា កម្មវិធី​បែប​សាសនា​សំខាន់ៗ ការតាំង​ពិ​ព័ណ៌​បង្ហាញ​សមិទ្ធផល​ការងារ​រយ​:​ពេល​៣០​ឆ្នាំកន្លងមក​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ស្នាដៃ​សិល្បៈ​ជាច្រើន​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូណេស្កូ ការសម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង​ដោយ​លោក ព្រហ្ម ម៉ាញ ព្រមទាំង​ការចាក់​បញ្ចាំងភាពយន្ត​អំពី​អង្គរ​ជាដើម​។ រាល់​កម្មវិធី​សាសនា សិល្បៈ​ទស្សនីយភាព​ទាំងអស់​នឹង​បើក​ជា​សាធារណៈ​ចូល​ទស្សនា​ដោយ​ពុំមាន​បង់ប្រាក់​នោះទេ​។ អាស្រ័យ​ដូចនេះ សូម​បងប្អូន​សាធារណជន​អញ្ជើញ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​។​

​សូម​ជម្រាប​ដែរ​ថា នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀប​ព្រឹ​តិ្ត​ការណ៍​រំលឹក​គុណ​អង្គរ​នេះ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​រំលឹក​គុណ​អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដោយបាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ជាតិ​មាតុភូមិ​តាំងពីដើម​រហូតដល់​ស​ព្វ​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close