សម្ដេច​ក្រឡាហោម ស ខេង និង​ឯកអគ្គរាជទូត​ជប៉ុន ចុះហត្ថលេខា​បន្ត​សុពលភាព MOU រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​ក្រុមហ៊ុន ESS

​នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចុះហត្ថលេខា​បន្ត​សុពលភាព​លើ​ឧបសម្ព័ន្ធ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា (MOU) រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​ក្រុមហ៊ុន E SECURITY SERVICE Co,Ltd (ESS)​។​

​ពិធី​ចុះ MOU នាពេលនេះ​ភាគី​កម្ពុជា មានការ​អញ្ជើញ​ចូលរួម​ពី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​, នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​, នាយកដ្ឋាន​វិទ្យុទាក់ទង​។ សម្រាប់ ភាគី​ជប៉ុន មានដូចជា អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​, លេខាធិការ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ឧបសម្ព័ន្ធ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា និង​ក្រុមហ៊ុន ESS នាពេលនេះ គឺ​បញ្ជាក់​អំពី​ការបន្ត​សុពលភាព​រយៈពេល ១០​ឆ្នាំ បន្ថែម​លើ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ច្បាប់ដើម ស្ដីពី​ការសហការ​ផ្តល់​សេវាក​ម្ម​ព័ត៌មាន សន្តិសុខ រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រុមហ៊ុន ESS ដែល​ផុត​សុពលភាព កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​គ្មាន​ការផ្លាស់ប្ដូរ​ខ្លឹមសារ​ដូច​មានចែង ក្នុង​មាត្រា​នៃ​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ច្បាប់ដើម​នោះទេ​។​

​លោក TAKEHARU MIZUKOSHI នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ESS បានធ្វើ​សេចក្តីរាយការណ៍​សង្ខេប ស្ដីពី​លទ្ធផល​ប្រតិបត្តិការ​របស់​ក្រុម ESS មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១២ បន្ទាប់ពី​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​កម្ពុជា ក្នុងការ​បង្កើត​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​រវាង អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​ក្រុមហ៊ុន​ESS រួចមក ទាំង​ភាគី​ក្រុមហ៊ុន និង​កងកម្លាំង​នគរបាលជាតិ​កម្ពុជា បាន​សហការគ្នា​ចាត់តាំង​អនុវត្ត​ស្របតាម​ស្មារតី និង​ខ្លឹមសារ​ដូច​មានចែង​ក្នុង MOU ដោយ​ផ្តោត​សំខាន់​ទៅលើ​ការចូលរួម​ការពារ​រ​ក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធុរៈជន​ដែលជា​អតិថិជន​របស់​ក្រុមហ៊ុន​ផ្ទាល់​។​

​លោក នាយក​ប្រតិបត្តិ បានលើកឡើង​បន្តថា ដោយឡែក​តាមរយៈ​ឧបករណ៍ សម្ភារ​បច្ចេកទេស និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​សន្តិសុខ​របស់​ក្រុមហ៊ុន និង​ដោយមាន​ការគាំទ្រ​សម្របសម្រួល​ពី​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត កិច្ចសហការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​បង្ការ​ទប់ស្កាត់ បទល្មើស​ទទួលបាន​ល​ទ្ធ​ផល​ជាច្រើន​ផងដែរ​។​

​លោក​ក៏បាន​បញ្ជាក់​ជម្រាបជូន​សម្តេច​ក្រឡាហោម និង​អង្គពិធី​ថា ក្រុមហ៊ុន ESS ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា និង​បាន​អនុវត្ត​នីតិវិធី​សុពលភាព MOU កន្លងមក​បាន​សហកា​រ​យ៉ាង​ជិតស្និត​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​បានផ្តល់​សេវាកម្ម​ជូន​ដល់​អតិថិជន​កម្ពុជា​បានជា​ច្រើន ដែល​ក្នុងនោះ​រួមមាន​ដូចជា ករណី​ចោរកម្ម អគ្គីភ័យ គ្រោះទឹកជំនន់ សង្គ្រោះបន្ទាន់ ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close