ឯកឧត្តម ខៀវ កាញ្ញារិទ្ធ ស្នើឲ្យអាជ្ញាធរឆ្លើយតបឲ្យបានរហ័ស លើករណីបើករថយន្តបុកមួយគ្រួសារ នៅលើស្ពានជ្រោយចង្វារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអាជ្ញាធរឆ្លើយតបឱ្យបានរហ័ស ចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើសល្បឿនកំណត់ បុកមួយគ្រួសារ ដែលមានកូនតូច រួចហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារដូច្នេះ ក្រោយពេលបុគ្គលល្បីៗជាច្រើន បានចែករំលែកពីករណីគ្រោះថ្នាក់ចររាណ៍នេះ ដោយចាត់ទុកជារឿង អយុត្តិធម៌ក្នុងសង្គម។
ប្ដីប្រពន្ធព្រមទាំងកូនតូចមួយសង្ស័យប្រហែលទើបតែចេញពីមន្ទីរពេទ្យ ហើយបានធ្វើដំណើរកាត់តាមបណ្តោយស្ពានជ្រោយចង្វារ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកស្របទិសគ្នា ជាមួយនឹងម៉ូតូកាត់តាមស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ចំណុចនឹងចុងគល់ស្ពានជ្រោយចង្វារ ត្រូវបានរថយន្តបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យម៉ូតូ និងមនុស្សមានឪពុកម្តាយ និងកូនផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ម៉ែត្រ។ បន្ទាប់ពីបើកបុករួចហើយ ក៏បានព្យាយាមបើករថយន្តរត់គេចតាមបណ្តោយផ្លូវកែវចិន្តា តែត្រូវសមត្ថកិច្ចតាមឃាត់បានបញ្ចូនខ្លួន អ្នកបើកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ។
សូមជម្រាប់ថា បើយោងតាមលោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ បានឱ្យដឹងថា កូនតូចមិនទាន់ដឹងខ្លួននៅឡើយនោះទេ ខណៈករណីនេះ ត្រូវបានបញ្ចប់ដោយសំណង ២៥០០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។