World Bank ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ក្នុងរង្វង់៤,៨ភាគរយ
ធនាគារពិភពលោក ( World Bank ) បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២២នេះ ក្នុងរង្វង់ ៤,៨ភាគរយ ដោយគាំទ្រដោយកំណើននៃការនាំចេញ ផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកង់ជាពិសេសកំណើនចំនួនទេសចរអន្តរជាតិចូលទស្សនានៅកម្ពុជា។
ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្រោមចំណងជើងថា Navigating Global Economic Headwinds ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះ ធនាគារពិភពលោក លើកឡើងថា ការព្យាករកំណើន GDP ពិតប្រាកដរបស់កម្ពុជា ក្នុងរង្វង់ ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ដោយផ្អែកលើការងើបឡើងវិញនៃសេដ្ឋកិច្ចដែលមានលក្ខណៈទូលំទូលាយជាងមុន។
ធនាគារពិភពលោក បន្តលើកឡើងថា ការកើនឡើងនៃការនាំចេញ-ជាពិសេសសម្លៀកបំពាក់ ស្បែកជើងទំនិញធ្វើដំណើរ និងការផលិតកង់ ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ និងការវិលត្រលប់មកវិញនៃលំហូរ វិនិយោគដោយផ្ទាល់បរទេស បានជួយទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆ្នាំនេះ។
ទោះបីជាសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងពង្រីកបន្ថែមទៀតនៅឆ្នាំក្រោយ ដែលត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈដែលអត្រាការងារមានភាពប្រសើរឡើង និងអតិផរណាធ្លាក់ចុះ រួមជាមួយនឹងការចំណាយរបស់រាជរដ្ឋាភិបាលក្នុងអំឡុងពេលបោះឆ្នោត ការព្យាករកំណើនពិតប្រាកដសម្រាប់ឆ្នាំ២០២៣ ត្រូវបានបន្ទាបមកត្រឹម ៥,២ ភាគរយដោយសារតែ ទស្សនវិស័យសកលមិនសូវអំណោយផល។
ក្នុងរយៈពេលខ្លី សមតុល្យសារពើពន្ធត្រូវបានព្យាករថា នឹងបន្តធ្វើឱ្យមានលក្ខណៈធម្មតាឡើងវិញ បន្ទាប់ពីកំណើនដ៏រឹងមាំ និងការគ្រប់គ្រងប្រាក់ចំណូលកាន់តែប្រសើរឡើង។
របាយការណ៍ ដដែល លើកឡើងថា អតិផរណាត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះដល់ ៤,២ ភាគរយ និង៣,៨ ភាគរយនៅឆ្នាំ២០២៣ និ២០២៤ រៀងគ្នា ខណៈភាពក្រីក្រត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែការស្តារសេដ្ឋកិច្ចដែលបានព្យាករ និងអតិផរណាកម្រិតមធ្យម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។