ក្រសួងសុខាភិបាល សម្រេច​បិទ​មន្ទីរ​សំរាក​ព្យាបាល «​ដើម​អង្គ្រង​» បន្ទាប់ពី​ការធ្វេសប្រហែស​ធ្វើការ​រំលូត​គភ៌​ដល់​ស្ដ្រី​ម្នាក់ ដែល​ទារក​ស្លាប់ បណ្ដាលឱ្យមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដល់​ជីវិត​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីសម្រេច បិទ​មន្ទីរ​សំរាក​ព្យាបាល «​ដើម​អង្គ្រង​» ដែលមាន​ទីតាំង​នៅផ្ទះ​គ្មាន​លេខ​ ​ផ្លូវជាតិ​លេខ​៣ ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ នេះ​បើតាម​តាម​សេចក្តីសម្រេច​ដែល​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ​។​

​ក្រសួងសុខាភិបាល​បានសម្រេច​ថា «​បិទ និង​ដកហូត​លិខិតអនុញ្ញាត​ឲ្យ​បើក​មន្ទីរ​សម្រាក​ព្យាបាល ឯកជន​ឈ្មោះ ដើម​អង្គ្រង ដែលមាន​ទីតាំង​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៣ ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ របស់​លោកស្រី​វេជ្ជបណ្ឌិត សួស ច័ន្ទរ​ស្តី ជា​អ្នកទទួលខុសត្រូវ ដោយ​មូលហេតុ​ប្រើប្រាស់​បុគ្គលិក​ផ្សេង គ្មាន​ការបណ្តុះបណ្តាល គ្មាន​ការចុះបញ្ជី​គណៈ​វិជ្ជាជីវៈ និង​ប្តូរ​ទីតាំង​ដោយ​គ្មាន​ការជូនដំណឹង​ដល់​ក្រសួងសុខាភិបាល​។ ចំពោះ​អ្នកទទួលខុសត្រូវ និង​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល ដើម​អង្គ្រង និង អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ពេទ្យ ខុស​បច្ចេកទេស ក្នុងការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​»​។​

​សូមបញ្ជាក់ថា ការបិទ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ដើម​អង្គ្រង​នេះ ធ្វើឡើង​បន្ទាប់ពី​ការធ្វេសប្រហែស ដោយបាន​ធ្វើការ​រំលូត​គភ៌​ដល់​ស្ដ្រី​ម្នាក់ ដែល​ទារក​ស្លាប់​ក្នុង​ផ្ទៃ​មាន​អាយុ​១៨​សប្ដាហ៍ បណ្ដាលឱ្យមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដល់​ជីវិត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close