រួមភេទ​មុន​រៀបការ ឬ​ប្រមាថ​ថ្នាក់ដឹកនាំ​អាច​ជាប់គុក​១​ឆ្នាំ នៅ​ឥណ្ឌូនេស៊ី​

​សភា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ទើបតែ​បានអនុម័ត​ច្បាប់ព្រហ្មទណ្ឌ​ថ្មី ដែល​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រហូតដល់​មួយឆ្នាំ​សម្រាប់​អ្នក​ដែល​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍ និង​ហាមប្រាម​អំពើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ ឬ​ថ្នាក់ដឹកនាំ​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា កាលពី​ថ្ងៃទី ៦​ខែធ្នូ សភា​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បានអនុម័ត​ច្បាប់ព្រហ្មទណ្ឌ​ដែល​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រហូតដល់​១ ឆ្នាំ​សម្រាប់​អ្នក​ដែល​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ដោយ​ហាមប្រាម​នូវ​ទង្វើ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​ការប្រមាថ​រដ្ឋ ឬ​ថ្នាក់ដឹកនាំ​។​

​នៅក្រោម​ច្បាប់​ថ្មី អំពើ​ផិតក្បត់ ការរួមរស់​ជាមួយគ្នា​ដោយ​មិនបាន​រៀបការ ការប្រមាថ​ប្រធានាធិបតី ឬ​ទី​ភ្នាក់ងាររដ្ឋ ការបង្ហាញ​ទស្សនៈ​ប្រឆាំងនឹង​មនោគមវិជ្ជា​របស់​រដ្ឋ​ត្រូវបាន​ហាមឃាត់​។ ច្បាប់​នេះ​នឹង​អនុវត្ត​ចំពោះ​ទាំង​ជនជាតិ​ឥណ្ឌូនេស៊ី និង​ជនបរទេស​ដែល​រស់នៅ​ក្នុងប្រទេស​។ ទោះជា​យ៉ាងណាក៏ដោយ ច្បាប់​នេះ​នឹងមិន​អនុវត្ត​ភ្លាមៗ​នោះទេ វា​ត្រូវ​ចំណាយពេល ៣ ឆ្នាំ​ដើម្បី​រៀបចំ​សារាចរ​ណែនាំ​។​

​សមាជិកសភា​ឥណ្ឌូណេស៊ី​បាន​ស្វាគមន៍​ចំពោះ​ការអនុម័ត​ក្រមព្រហ្មទណ្ឌ​ដែល​បាន​កែប្រែ​នេះ ដោយ​និយាយថា ក្រម​ចាស់​គឺជា​កេរដំណែល​ពី​សម័យ​អាណានិគម​របស់​ប្រទេស​ហូ​ឡង់ ដូច្នេះ​វា​លែង​ពាក់ព័ន្ធ​ទៀតហើយ​។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​សិទ្ធិមនុស្ស​ឥណ្ឌូនេស៊ី លោក Yasonna Laoly បាន​សាទរ​ចំពោះ​ច្បាប់​ថ្មី​នេះ​ថា​ជា “​ជំហាន​ប្រវត្តិសាស្ត្រ​”​។​

“​វា​មិនដែល​យឺត​ពេល​ទេ​សម្រាប់​ពួកយើង​ក្នុងការ​បង្កើត​ច្បាប់​ផ្ទាល់ខ្លួន​។ ក្រមព្រហ្មទណ្ឌ​គឺជា​ការឆ្លុះបញ្ចាំង​ពី​អរិយធម៌​របស់​ប្រទេសមួយ​»​។​

​យោងតាម Reuters ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែលមាន​ប្រជាជន​មូស្លីម​ច្រើនជាងគេ​លើ​ពិភពលោក ដូច្នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​នេះ​មាន​ទំនោរ​ក្នុងការ​បង្កើន​សំណើរ​ដើម្បី​អនុម័ត​ច្បាប់​ទាក់ទង​នឹង​សីលធម៌​សាសនា​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close