គណៈមេធាវី ផ្តល់វិភាគទានជាង ១ម៉ឺនដុល្លារ ចូលរួមក្នុងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលវិភាគទានពី ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការី នូវថវិកាចំនួន ១១.៦០៣ ដុល្លារអាមេរិក និង ៣,១លានរៀល ដើម្បីចូលរួមក្នុងយុទ្ធនាការបោសសម្អាតមីន និងកម្ពុជាគ្មានមីនឆ្នាំ២០២៥ តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមដល់សកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីមានសុវត្ថិភាព និងកាត់បន្ថយការគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជាពិសេសចូលរួមជួយលប់បំបាត់គ្រាប់មីនឲ្យអស់ពីកម្ពុជាត្រឹមឆ្នាំ២០២៥ ស្របតាមអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានចាត់ទុកវិភាគទាននេះ គឺជាការរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាការលប់បំបាត់ភាពភ័យខ្លាចរបស់ប្រជាជនដែលកំពុងបន្តរស់នៅលើតំបន់សង្ស័យមានមីន និងគ្រាប់មិនទាន់ផ្ទុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។