ក្រុមហ៊ុនអាកាសចរ Air Asia គ្រោង​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានទទួល​ជួប ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​អាកាសចរ Air Asia លើ​ការបង្កើត​ក្រុមហ៊ុន​អាកាសចរ Air Asia នៅ​កម្ពុជា អោយ​ឈ្មោះថា Air Asia Cambodia ដែល​នឹងធ្វើ​ពិធី​ចុះហត្ថលេខា និង​ប្រកាស​ជា​ផ្លូវការ​នា​ស្អែក​នេះ​។​

​កម្ពុជា​ជា​ប្រទេស​ទី​៥​ក្នុង​តំបន់​អាស៊ី ដែលមាន​ទីស្នាក់ការ​រ​បស់​ក្រុមហ៊ុន Air Asia ហើយ​ក្រុមហ៊ុន​គ្រោង​ចាប់ផ្តើម​ដំណើរការ​ជើងហោះហើរ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ​
​នេះ​។

​ក្រុមហ៊ុន​មាន​គម្រោង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យបាន ៣-៤​លាន​នាក់​/​ឆ្នាំ តាម​ក្រុមហ៊ុន​របស់ខ្លួន ដោយ​ជំហាន​ដំបូង គ្រោង​ដាក់​ដំណើរការ​យន្តហោះ​ចំនួន​០៤​គ្រឿង ដែលជា​ប្រភេទ Boeing A321 ដោយ​ត​ភ្ជាប់​គោលដៅ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន​, ចិន និង​ឥណ្ឌា និង​គោលដៅ​ក្នុងស្រុក​ពី​រាជធានី​ភ្នំពេញ​-​សៀមរាប​
-​ខេត្ត​ព្រះសីហនុ​។

​ក្រសួងទេសចរណ៍​សង្ឃឹម​ថា ការវិនិយោគ​របស់​ក្រុមហ៊ុន Air Asia នឹង​នាំមក​នូវ​ទេសចរ​បន្ថែ​ម​ទៀត​មក​ទស្សនា​កម្ពុ​ជា ពិសេស​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​គោលដៅ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close