ចិន និង​អា​រ៉ា​ប៊ី សា​អូ​ឌិ​ត​កាន់តែ​ជិតស្និទ្ធ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ស៊ី ជិន​ពីង​

​ថ្ងៃទី ៧ ខែធ្នូ ក្រុមហ៊ុន​ចិន និង​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​វិនិយោគ​ចំនួន ៣៤ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន Xi Jinping ។​

​កិច្ចព្រមព្រៀងទ្វេភាគី​ត្រូវបាន​ចុះហត្ថលេខា​ក្នុង​វិស័យ​ជាច្រើន រួមទាំង​ថាមពលបៃតង អ៊ីដ្រូសែន​បៃតង ថាមពល​ពន្លឺព្រះអាទិត្យ បច្ចេកវិទ្យា​ព័ត៌មាន សេវា​ពពក ការដឹកជញ្ជូន ភស្តុភារ ឱសថ និង​សំណង់​។​

​រដ្ឋមន្ត្រី​វិនិយោគ​អា​រ៉ា​ប៊ី​សា​អូឌីត លោក Al-Falih បាន​អះអាងថា កិច្ចព្រមព្រៀង​ទាំងនេះ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​ព្រះរាជាណាចក្រ​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន​។​

​លោក Al-Falih បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ បង្ហាញ​ពី​បំណងប្រាថ្នា​របស់​មេដឹកនាំ​ភាគី​ទាំងពីរ ក្នុងការ​អភិវឌ្ឍន៍ និង​ពង្រឹង​ភាពជា​ដៃគូ​ទ្វេភាគី​លើ​គ្រប់​វិស័យ រួមទាំង​សេដ្ឋកិច្ច និង​ការវិនិយោគ​ផងដែរ​។ លោក​បាន​បញ្ជាក់ថា អា​រ៉ា​ប៊ី​សា​អូឌីត និង​ចិន​មាន​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ជិតស្និទ្ធ ដែល​បាន​មើលឃើញ​ពី​ការអភិវឌ្ឍន៍​យ៉ាង​ទូលំទូលាយ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ជាពិសេស​ដំណើរ​ទស្សនកិច្ច​ទ្វេភាគី​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​នាំមក​នូវ​លទ្ធផល​វិជ្ជមាន​ផ្អែមល្ហែម​ក្នុង​វិស័យ​ជាច្រើន ។​

​តម្លៃ​នៃ​កិច្ចព្រមព្រៀង​មិនត្រូវ​បានបង្ហាញ​ទេ ប៉ុន្តែ​តាម​សារព័ត៌មាន SPA ពីមុន​បាន​រាយការណ៍​ថា​ភាគី​ទាំងពីរ​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បឋម​ចំនួន ២0 ចំណុច ដែលមាន​តម្លៃ​សរុប ជិត ៣០ ពាន់​លាន​ដុល្លារ​។​

​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​ដើម្បី​កត់សម្គាល់​ការអភិវឌ្ឍ​ថ្មី​នៅក្នុង​ទំនាក់ទំនង​របស់​ប្រទេស​ចិន​ជាមួយ​តំបន់​នេះ លោក Xi បាន​ជួប​ជាមួយ​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman និង​មេដឹកនាំ​អារ៉ាប់​ផ្សេងទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close