ប៉េអឹម បង្ក្រាបករណីជួញដូរគ្រឿងញៀនជិត ៩០០ គីឡូក្រាម នៅខេត្តព្រះសីហនុ

កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ​ បានបេីកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានទម្ងន់ជិត​ ៩០០ គីឡូក្រាម។ ការបង្ក្រាបនេះ​ បានធ្វេីឡេីង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នេះ នៅចំណុចឃ្លាំងជួល មួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

មន្ត្រីជាន់ខ្ពស់អាវុធហត្ថ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ​ សមត្ថកិច្ច បានរកឃើញថ្នាំញៀន ចំនួន​ ៣៤ បាវ ដែលមានទម្ងន់​ ​៨៨៤​ គីឡូក្រាម។​ វត្ថុតាង ត្រូវបានយកមករក្យាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី​ បញ្ជាក់ថា ប្រតិបត្តិការនៃការចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀនដ៏ធំនេះ គឺក្រោមការបញ្ជាផ្ទាល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាប ករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀន ជិត ៩០០ គីឡូក្រាម។ វត្ថុតាង ត្រូវបានយកមករក្យាទុក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

លោកបានបញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំងមន្ទីរជំនាញ បានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close