កម្ពុជា អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើ​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ និង​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​ពិភពលោក​លើក​ទី​១៦ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖ កាលពី​យប់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​កម្មវិធី​សម្តែង​សិល្បៈ​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើ​ទី​៩ ជុំ​ទី​៣ ឆ្នាំ​២០២២ នៅ​ទីលាន​តេ​ជោ (​ពយ​តា​ម៉ូង​) និង​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​លើក​ទី​១៦ ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វា​គម​ន៏​ការសម្ដែង​សិល្បៈ​វប្បធម៌​ជាតិ អន្តរជាតិ ក្នុង​រាត្រី​ដ៏​សែន​មនោ​រម្យ​នេះ ខ្ញុំ​មាន​កិត្តិយស និង​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​សំដែង​សិល្បៈ​វប្បធម៌​ជាតិ និង​អន្តរជាតិ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ និង​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​លើក​ទី​១៦ ឆ្នាំ​២០២២ នៅលើ​ទឹកដី​តំបន់ឆ្នេរ​ដ៏​ស្រស់បំព្រង នៃ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន​។ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត សូម​ស្វាគមន៍​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​ទស្សនា​ការសំដែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ជាតិ និង​អន្តរជាតិ ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ បាន​ចូល​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១១ ជាមួយ​ខេត្ត​តំបន់ឆ្នេរ​បី​ផ្សេងទៀត​នៃ​ប្រទេស​កម្ពុជា មាន​ខេត្ត​កែប ខេត្តកំពត និង​ខេត្តកោះកុង​។ ជាមួយនឹង​សន្ទុះ​នៃ​ការអភិវឌ្ឍ​រីកចម្រើន និង​កាលានុវត្តភាព នៃ​ការវិនិយោគ​ជាតិ និង​អន្តរជាតិ ខេត្ត​មាន “​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ត្រូវបាន​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​ប្រសិទ្ធ​នាម “​តារា​រៈនា​ទិសនិរតី ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។
​ទោះបី​កម្ពុជា​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏​ខេត្ត​ព្រះសីហនុ​នៅតែ​រក្សា​លំនឹង​សេដ្ឋកិច្ច អត្រាកំណើន​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​ជា​មធ្យម​ប្រជាពលរដ្ឋ​ម្នាក់​ចំនួន ៤.១៨០ ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ កាត់បន្ថយ​អត្រា​ភាពក្រីក្រ​មក​នៅត្រឹម ១.៨៦​ភាគរយ ក្នុង​ឆ្នាំ​២០២២​។​

​ឯកឧត្តម​បន្តថា មុន​ព្រឹត្តិការណ៍​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខេត្ត​ព្រះសីហនុ​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ២​លាន​នាក់​ក្នុង​មួយឆ្នាំ ក្នុង​អត្រាកំណើន​ពី ១០ ទៅ ១៥​ភាគរយ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២៥ ទៅ ៣០​ភាគរយ​។ បន្ទាប់ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​ភ្ញៀវទេសចរ​ជាតិ​មានការ​ធ្លាក់ចុះ​ប្រមាណ ៦០​ភាគរយ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះ ៩៥​ភាគរយ​។ ខេត្ត​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើកទទួល​ភ្ញៀវទេសចរ​វ៉ាក់សាំង​មុនគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បានល្អ​ប្រសើរ និង​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព​ទេសចរណ៍ និង​វិធាន​សុខាភិបាល​បាន​យ៉ាង​ខ្ជាប់ខ្ជួន​។ រហូតមកទល់​បច្ចុប្បន្ន​នេះ សេវាកម្ម​សម្បទា​ទេសចរណ៍​ចំនួន ៣៩០​ទីតាំង ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ និង​ការបើក​ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ភ្ញៀវទេសចរ​ជាតិ​មានការ​កើនឡើង​ជា​គំហុក​។​

​ឯកឧត្តម​អភិបាលខេត្ត បន្តទៀតថា ការសំដែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​ជាតិ និង​អន្តរជាតិ គឺជា​ព្រឹត្តិការណ៍​មួយ​ផ្តល់ឱកាស​ឱ្យ​ក្រុម​សិល្បករ​ជាតិ និង​អន្តរជាតិ​បាន​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី ទំនៀម​ទំលាប់​របស់​ជាតិ​សាសន៍​នីមួយៗ ទន្ទឹម​ការសំដែង​ទស្សនីយភាព​សិល្បៈ​វប្បធម៌​នេះ ក៏​ជាស​ញ្ញា​ដ៏​រឹងមាំ​មួយ​ដែល​បណ្តា​ប្រទេស​ក្នុង​ពិភពលោក​រួមគ្នា​កសាង​ទំនាក់ទំនង​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្នុងការ​ផ្លាស់ប្តូរ​គំនិត​យោបល់​ព័ត៌មាន​ល្អៗ ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​ជំរុញ​ការអភិវឌ្ឍ​សេវាកម្ម​សម្បទា​ទេសចរណ៍ ព្រមទាំង​ការផ្លាស់ប្តូរ​ភ្ញៀវទេសចរ​ក្នុង​តំបន់​អាស៊ាន អឺរ៉ុប និង​ពិភពលោក​ប្រកបដោយ​ប្រសិទ្ធភាព​។

​សូម​ជូនពរ​ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស​ជាតិ អន្តរជាតិ សិល្បករ សិល្បការិនី​ជាតិ អន្តរជាតិ មាន​សុខ​ភាពល្អ កម្លាំង​ខ្លាំងក្លារ នឹងមាន​សុភមង្គល​គ្រប់​ក្រុមគ្រួសារ ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៣ សូម​ដំណើរ​វិល​ត្រលប់​ទៅ​មាតុប្រទេស​វិញ​របស់​ក្រុម​សិល្បករ សិល្បការិនី​អន្តរជាតិ ប្រកបដោយ​សេចក្តីសុខ និង​សុវត្ថិភាព​គ្រប់គ្នាៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close