វៀតណាម គ្រោង​នឹង​បង្កើត​អាកាសយានដ្ឋាន​ថ្មី ចំនួន​៩​ទៀត​

​ហាណូយ​៖ អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម (CAAV) ចង់​សាងសង់​អាកាសយានដ្ឋាន​ចំនួន​ប្រាំបួន​បន្ថែមទៀត នៅក្នុង​ប្រទេស ។​ CAAV បាន​រាយការណ៍​ថា សំណើ​ដែល​ខ្លួន​ដាក់ជូន​ក្រសួង​ដឹកជញ្ជូន ដើម្បី​សុំ​ការយល់ព្រម រួមមាន​ទាំង​ការធ្វើការ​ជាមួយ​ខេត្ត​ចំនួន​ប្រាំបួន ដែល​បាន​ស្នើសុំ​ព្រលានយន្តហោះ​ថ្មី​។​

​បញ្ជី​នៃ​គម្រោង​ដែល​បានស្នើ​ឡើង រួមមាន ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច Van Phong ក្នុង​ខេត្ត Khanh Hoa ភាគ​កណ្តាល​ឆ្នេរសមុទ្រ ព្រមទាំង​ព្រលានយន្តហោះ​នៅ​ខេត្ត​ភាគ​ខាង​ជើងភ្នំ Ha Giang និង Yen Bai ។

​គម្រោង​ក៏​នឹងត្រូវ​បានកំណត់​សម្រាប់​កោះ Ly Son នៅ​កណ្តាល​ខេត្ត Quang Ngai ព្រមទាំង​ខេត្ត Central Highland គឺ Dak Nong និង Kon Tum​។ គោលដៅ​អាកាសយានដ្ឋាន​ដែល​បាន​ស្នើឡើង​ផ្សេងទៀត​គឺ​ខេត្ត Tuyen Quang ភាគ​ខាងជើង​ខេត្ត Tay Ninh និង​ខេត្ត Ha Tinh ភាគ​កណ្តាល​។​ CAAV បាន​និយាយថា ប្រសិនបើ​ត្រូវបាន​អនុម័ត អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ទាំងនោះ​នឹង​បង្កើត​ផែនការ​អំពាវនាវ​ឱ្យ​មានការ​វិនិយោគឯកជន ក្នុងការ​សាងសង់​ព្រលានយន្តហោះ​។​

​ប្រទេស​វៀតណាម​មាន​អាកាសយានដ្ឋាន​ស៊ីវិល​ចំនួន ២២​។ កាលពី​ចុង​ឆ្នាំមុន ក្រសួង​ដឹកជញ្ជូន​បានចេញ​ផ្សាយ​ផែនការ​សាងសង់​ចំនួន ៦ បន្ថែមទៀត​នៅ​ឆ្នាំ​២០៣០ និង​បន្ទាប់ ចំនួន ៣ ទៀត នៅ​ឆ្នាំ ២០៥០​។ ផែនការ​នេះ រួមមាន​ទាំង​ព្រលានយន្តហោះ​អន្តរជាតិ ចំនួន ១៤ ដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close