បុណ្យ​សមុទ្រ​៣​ថ្ងៃ​នៅ​ព្រះសីហនុ ភ្ញៀវ​ចូលរួម​កម្សាន្ត​ជាង​៧០​ម៉ឺន​នាក់

​ព្រះសីហនុ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២​នេះ​ថា ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ​នេះ មាន​ភ្ញៀវទេសចរ​និង​ប្រជាពលរដ្ឋ​ចូលរួម​ដើរលេង​កម្សាន្ត​សរុប​ជាង​៧០​ម៉ឺន​នាក់ ខណៈ​អាជ្ញាធរខេត្ត​នៅ​បន្ត​ការរៀបចំ​បុណ្យ បង្ក​ការសប្បាយ​ជូន​ប្រជាជន​១​ថ្ងៃ ឬ​២​ថ្ងៃ​ទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យដឹងថា នៅ​ថ្ងៃទី​៣ ដែល​ត្រូវ​នឹង​ថ្ងៃទី​១១ ខែធ្នូ គឺមាន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ចូលរួម​កម្សាន្ត​ជាង​៣០​ម៉ឺន​នាក់ ខណៈ​នៅ​ថ្ងៃទី​១ និង​ទី​២ មាន​ចំនួន​សរុប​ជាង​៤០​ម៉ឺន​នាក់​។ ឯកឧត្តម ថា «​ក្នុងពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​នេះ មាន​ភ្ញៀវ​សរុប​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៧០៨,០០០​នាក់ និង​ភ្ញៀវ​បរទេស​៤,០០០​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ប្រជាជនមាន​ការសប្បាយ​រីករាយ​ក្នុងការ​មក​កម្សាន្ត​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ ទាំង​ពេលយប់ និង​ពេល​ថ្ងៃ ក្នុងនោះ​ពួកគេ​មួយចំនួន​ក៏បាន​បន្តទៅ​ទស្សនា​នៅតាម​គោលដៅ​ទេសចរណ៍​ដទៃទៀត​ដែរ រីឯ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​ទៀតសោត គឺ​មិនមាន​អ្វី​កើតឡើង​គួរឱ្យកត់សម្គាល់​នោះឡើយ​។​

​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​ដែរ​ថា នាឱកាស​បុណ្យ​សមុទ្រ​នេះដែរ មាន​ភ្ញៀវ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​ចំនួន​៧​ជើង មាន​ភ្ញៀវ​សរុប​២៩១​នាក់​។ ភ្ញៀវ​ដែល​បន្ត​ហួស​ទៅ​កម្សាន្ត​នៅតាម​បណ្តា​កោះមាន​ភ្ញៀវ​សរុប​១១៧៣​នាក់ និង​នៅតាម​រមណីយដ្ឋាន បណ្តា​ឆ្នេរ និង​ទស្សនា​តន្ត្រី​នានា មាន​ចំនួន​សរុប​៧១១,១២៣​នាក់​។​

​នៅក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះដែរ ក៏មាន​ឆាក​ប្រគំ​តន្ត្រី​ធំៗ​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​នៃ​ក្រុងព្រះសីហនុ និង​សកម្មភាព​កម្សាន្ត​ជាច្រើន​ទៀត​។ នៅវេលា​យប់​នេះ​នៅមាន​ការសម្ដែង​សិល្បៈ របាំ ចម្រៀង​នៅលើ​ឆាក​ធំ​នៃ​ទីលាន​តេ​ជោ ដែល​ភ្ញៀវទេសចរ ក៏ដូចជា​ប្រជាពលរដ្ឋ​គឺអាច​ចូល​ទស្សនា​កម្សាន្ត​ដោយ​សេរី​។ ក្រៅពីនេះ​ក៏មាន​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម និង​មហោស្រព​ម្ហូបអាហារ​និង​ភេសជ្ជៈ​នៅ​ទី​លា​តេ​ជោ សរុប​ទាំងអស់​មាន​ចំនួន​៣០០​ស្ដង់​ទៀត​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន អាជ្ញាធរខេត្ត​ព្រះសីហនុ​គឺ​នៅ​បន្ត​ការរៀបចំ​ពិធីបុណ្យ​នៅ​យប់​ថ្ងៃទី​១២​នេះ​ទៀត ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​នៅតែ​ចូលរួម​កម្សាន្ត​ច្រើន​ទៀត នោះ​ខេត្ត​នឹង​បន្ត​នៅ​ថ្ងៃទី​១៣​ទៀត ដើម្បី​បង្ក​ការសប្បាយ​ជូន​ពួកគាត់ និង​ដើម្បី​អបអរ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ដែល​បាននិងកំពុង​រៀបចំ​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close