តម្លៃអគ្គិសនីនឹងចុះមកនៅត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត់ប៉ុណ្ណោះនៅឆ្នាំ២០១៩
នៅសល់តែរយៈពេល១៤ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅឆ្នាំ២០១៩ខាងមុខនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ថាមពលអស់ក្រោម៥០គីឡូវ៉ាត់ នឹងត្រូវគិតតម្លៃត្រឹមតែ៤៨០រៀលប៉ុណ្ណោះក្នុង១គីឡូវ៉ាត់ម៉ោង ខណៈតម្លៃបច្ចុប្បន្ននេះ គឺ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេនសានក្រោម២ ឯខេត្តស្ទឹងត្រែងនៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វារីអគ្គិសនីសេសានក្រោម២ ផលិតថាមពលបានរហូតដល់ ៤០០មេហ្គាវ៉ាត់ បានដោះស្រាយបញ្ហាច្រើនណាស់ ដល់ការអភិវឌ្ឍប្រទេស មិនគ្រាន់តែជាបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋទេ តែត្រូវផ្គត់ផ្គង់ទៅវិស័យកសិកម្ម និងក្នុងវិស័យឧស្សាហកម្ម ព្រមទាំងវិស័យសេវាផងដែរ។
សម្តេចបន្តថា ការបង្កើតវារីអគ្គិសនីត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីទាញយកថាមពលមកប្រើប្រាស់ មិនមែនបញ្ចប់ត្រឹមវារីអគ្គិសនីសេសាន២នោះទេ។ សម្តេចតេជោបានបញ្ជាក់ថា បើមិនមានការប្រឹងប្រែងអភិវឌ្ឍន៍វារីអគ្គិសនីទេ កម្ពុជាអាចនឹងប្រឈមការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់នៅឆ្នាំ២០២០។
យ៉ាងណាក៏ដោយ ក្រោយការដាក់ដំណើរការវារីអគ្គិសនីសេនសាន២នេះ សម្តេចបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៩-២០២០ តម្លៃអគ្គិសនីនៅកម្ពុជានឹងចុះមកត្រឹម៣៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ហើយសម្រាប់អ្នកប្រើប្រាស់ចាប់ពី ១១ ទៅ៥០គីឡូវ៉ាត់ ដែលពេលនេះតម្លៃ៦១០រៀលក្នុងមួយគីឡូវ៉ាត់ នឹងចុះមកត្រឹម៤៨០រៀលក្នុង១គីឡូវ៉ាត់ នៅឆ្នាំ២០១៩ , សម្រាប់ការប្រើប្រាស់ថាមពលលើស៥០គីឡូវ៉ាត់ ដែលបច្ចុប្បន្នតម្លៃ ៧៧០រៀល នឹងចុះមកត្រឹមតម្លៃ ៦១០រៀលប៉ុណ្ណោះ។
សម្តេចបានសម្តែងការជឿជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីនេះ នឹងជួយឲ្យបណ្តារោងចក្រសហគ្រាសចំណាយតិចលើថ្លៃថាមពល ដែលជាផ្នែកមួយធ្វើឲ្យរោងចក្រសហគ្រាសទាំងនោះអាចតម្លើងប្រាក់ឈ្នួលដល់កម្មករ-កម្មការិនីយើងបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។