កម្ពុជា ​ត្រូវបាន​គាំទ្រ​ឱ្យចូល​រួម​ប្រកួត​កីឡា​ទូកក្ដោង សម្រាប់​សមាជិក​ក្លិប​ឆ្នេរ​ស្អាត​បំផុត​នៅ​លោក នា​ចុងឆ្នាំ​២០២៣

(​ព្រះសីហនុ​)៖ ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក បាន​គាំទ្រ​កម្ពុជា​ដែលជា​សមា​ចិក​មួយ​ដែរនោះ ឱ្យ​ចូលរួម​ប្រកួត​កីឡា​ទូកក្តោង​សម្រាប់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក​លើក​ទី​១ ឆ្នាំ​២០២៣ ដោយ​គ្រោង​រៀបចំ​ចាប់ពី​ថ្ងៃទី​១៤-១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ក្នុង​ស​ន្និសិទ​អន្តរជាតិ​ស្តីពី​ការអភិវឌ្ឍ និង​ការអភិរក្ស​ឆ្នេរសមុទ្រ​នៃ​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក នា​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ឯកឧត្ដម ថោង រដ្ឋ​ស​កិ្ត ប្រធានស្តីទី​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​នៃ​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ចូលរួម​ក្នុង​សន្និសីទ​នេះដែរ​។​

​នាឱកាស​នោះ ឯកឧត្ដម ថោង រដ្ឋ​សក្តិ បានឱ្យដឹងថា ក្រោយពី​ទទួលបាន​ការគាំទ្រ​ពី​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ទូកក្តោង​ពិភពលោក ក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង​សម្រាប់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក​លើក​ទី​១ ឆ្នាំ​២០២៣ ដែល​គ្រោង​នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​បានស្នើ​សុំ និង​ទទួលបាន​ការអនុញ្ញាត​ពី​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​ការត្រៀមខ្លួន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទូកក្តោង​ខាងលើ នៅក្នុង​មហាសន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក​លើក​ទី​១៦ ឆ្នាំ​២០២២​។​

​ក្រោយពី​ការធ្វើ​បទ​បង្ហាញ​របស់លោក ថោង រដ្ឋ​សក្តិ និង​លោក Lemmy Teo ទីប្រឹក្សា​នៃ​សហព័ន្ធ ប្រទេស​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក បានបង្ហាញ​ការគាំទ្រ​ដល់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ខាងលើ​។ លើសពីនេះ​ទៀត សម្រាប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២​ខាងមុខនេះ គណៈកម្មការ​ប្រតិបត្តិ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក​នឹង​រៀបចំ​កិច្ចប្រជុំ និង​សម្រេច​អនុម័ត​លើ​ការងារ​មួយចំនួន ដោយ​ក្នុងនោះ​ការប្រកួត​ខាងលើ​ក៏​នឹងត្រូវ​លើក​យកមក​ប្រជុំពិភាក្សា និង​សម្រេច​ផងដែរ​។​

​លោក​បាន​បន្ថែមថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូកក្តោង​សម្រាប់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក​នេះ គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ដ៏​មាន​សារៈសំខាន់​សម្រាប់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា ដែល​អាច​ផ្សព្វផ្សាយ​អំពី​សក្តានុពល និង​ការអភិវឌ្ឍ​កីឡា​ទូកក្តោង​នៅក្នុង​ប្រទេស​កម្ពុជា ដល់​សមាជិក​ទាំង​២៦​ប្រទេស​នៃ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​នៅលើ​សាកលលោក និង​ពិភពលោក​ទាំងមូល ហើយក៏​ជាការ​បង្កើន​នូវ​សមត្ថភាព​របស់​ក្រុម​កីឡាករ កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​លើ​ការរៀបចំ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​។​

​បើតាម​ឯកឧត្ដម ថោង រដ្ឋ​សក្តិ ព្រឹត្តិការណ៍​នេះ​ក៏​ជាការ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ថ្នីៗ​របស់​ខេត្ត​ព្រះសីហនុ ដែលជា​ផ្នែក​មួយ​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​កម្សាន្ត​តំបន់ឆ្នេរ​នៃ​ប្រទេស​កម្ពុជា​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close