កម្ពុជា អបអរសាទរ​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​

​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២​នេះ គឺជា​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)​។ នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឲ្យ​ចេះ​ស្រឡាញ់​និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល​និង​ការតស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល​។

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ ។ បច្ចុប្បន្ន​អង្គរ វត្ត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់លាន​នាក់មក​ទស្សនា​និង​បាន​ស្គាល់​ពីស​ម្ប​តិ្ត​វប្បធម៌​ប្រ​ទេ ស​កម្ពុជា ។ សូមជម្រាបថា ប្រាសាទ​អង្គរ​ត្រូវបាន​ចុះ​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ១៩៩២ នាទី​ក្រុង​សាន់​តា​ហ្វេ​សហរដ្ឋ អាមេរិក ។

​ក្រោយពី​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូលក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​សន្និសីទ​អន្តរជាតិ​មួយ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ​ចាប់ពី​ថ្ងៃទី ១២-១៣ ខែតុលា​ឆ្នាំ​១៩៩៣​ក្រោម​ការផ្តួចផ្តើម​គំនិត​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដោយមាន​ការគាំទ្រ​ពី​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ​ដើម្បី​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​នានា​ជា​ប្រយោជន៍​ដល់​កិច្ចការ ពារ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដើម្បី​សម្រេច​គោលដៅ​នេះ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ហៅ​កាត់ ថា អាយ ស៊ី ស៊ី អង្គរ ត្រូវបាន​បង្កើតឡើង​នា​ខែធ្នូ ឆ្នាំ​១៩៩៣​។​

​តំបន់​ឧទ្យាន​អង្គរ​មិនមែន​សំដៅ​តែ​ទៅលើ​ប្រាសាទអង្គរវត្ត​តែមួយ​នោះទេ តែ​សំដៅលើ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​ក្នុងនោះ​រួមបញ្ចូល​ទាំង​ប្រាសាទបុរាណ​ដ្ឋា​ន​ស្ថានីយ​បុរាណវិទ្យា បរិស្ថាន និង​សហគមន៍​មនុស្ស​ផងដែរ​ដែលមាន​ផ្ទៃក្រឡា​សរុប ៤០១​គីឡូម៉ែត្រ​ក្រឡា ។ នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទាំងមូល​មាន​ប្រាសាទ​ជិត​១០០ ផ្សេងទៀត ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close