អាជ្ញាធរជាតិអប្សរា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យឯកជនចំនួន២ កិច្ចការអភិរក្សសំណង់បុរាណ
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MOU)ជាមួយនិងសាកលវិទ្យាល័យបៀលប្រាយ(Build Bright)និងសាកលវិទ្យាល័យអង្គរ(Angkor University)ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅឯមុខប្រាសាទបន្ទាយសំរ៉ែ ក្នុងបំណងបើកឱកាសឱ្យក្រុមនិស្សិតផ្នែកស្ថាបត្យកម្មនៃសកលវិទ្យាល័យទាំងពីរនេះ អាចយល់ដឹងអំពីសំណង់បុរាណ ព្រមទាំងអាចសិក្សាយកបទពិសោធន៍លើកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរ៉ែនោះផងដែរ។
ឯកឧត្ដម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការណ៍ដែលនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សម្រេចចិត្តចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យBuild Bright និងសាកលវិទ្យាល័យអង្គរពេលនេះ ដោយសារតែអ្នកជំនាញនៃអង្គការអាល្លឺម៉ង់GIZ ដែលជាក្រុមឯកទេសខាងអភិរក្សថ្ម នៅតាមប្រាសាទនានាជាយូរមកហើយនោះ បានលើកឡើងថា ពេលបច្ចុប្បន្នធនធានមនុស្សខ្មែរ ដែលចេះជួសជុលនិងព្យាបាលថ្មប្រាសាទបុរាណគឺនៅមានចំនួនតិចតួចនៅឡើយ។
ឯកឧត្ដម គឹម សុធិន រំពឹងថា នេះគឺជាឱកាសមួយដ៏ល្អ សម្រាប់សាកលវិទ្យាល័យឯកជនទាំងពីរ ក្នុងការចូលរួមបណ្ដុះបណ្ដាលនិស្សិត ឱ្យល់ដឹងលើសំណង់បុរាណ ដើម្បីរួមចំណែកជួយអភិរក្សនិងថែរក្សាមត៌កដូន ឱ្យបានគង់វង្សយូរអង្វែងតទៅទៀត។
ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យអង្គរ និងប្រធានក្រុមគ្រូបង្រៀនវិស្វកម្ម ស្ថាបត្យកម្ម លោក ពិន សុមុនី និងលោក ឈួន ភារុន នាយកសាខាសាកលវិទ្យាល័យបៀប្រាយសៀមរាប បានបង្ហាញនូវសុទិដ្ឋិនិយម ដែលអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតិឱ្យក្រុមនិស្សិតមកពីសកលវិទ្យាល័យទាំងពីរបានចូលរួមសិក្សាយល់ដឹងពីជំនាញអភិរក្សថ្មនៃសំណង់បុរាណនេះ។ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរ បានរំពឹងយ៉ាងមុតមាំថា តាមរយៈអាជ្ញាធរជាតិអប្សរា ជាស្ថាប័នជំនាញមួយ ដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌលោកដ៏ល្បីល្បាញផងនោះ និងអ្នកជំនាញអ្នកជំនាញរបស់អង្គការអាល្លឺម៉ង់GIZ នឹងជួយបណ្ដុះបណ្ដាលដល់និស្សិតមកពីសាកលវិទ្យាល័យរបស់លោកឱ្យមានសមត្ថភាពពេញលេញ ដើម្បីរួមចំណែកអភិរក្សសំណង់ និងប្រាសាទបុរាណនានាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។