ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​៖ ការចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក ជាការ​ជំរុញឱ្យមាន​កា​រ​ប្រែ​មុខមាត់​តំបន់​សមុទ្រ​កម្ពុជា​

​ព្រះសីហនុ​៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​បញ្ជាក់ថា ការចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ពិតជា​ជំរុញឱ្យមាន​របត់​ថ្មី​នៃ​ការ​ប្រែ​មុខមាត់​ជា​បន្តបន្ទាប់​របស់​តំបន់​សមុទ្រ​កម្ពុជា ទាំង​លើ​ទិដ្ឋភាព​សង្គម​-​សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និង​បរិស្ថាន ដែលជា​កត្តា​កំណត់​លើ​ការទទួលស្គាល់​ជា​អន្តរជាតិ​នៃ​ឆ្នេរសមុទ្រ​កម្ពុជា​។​



ឯកឧត្ដម ជា សុផារ៉ា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​បិទ​មហាសន្និបាត​លើក​ទី​១៦​របស់​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ក្នុងនាម​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​ឯករាជ្យ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក Louis THEBAULT ប្រធាន​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ រួមទាំង​មាន​គណៈប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក​។​

​ឯកឧត្ដម ជា សុផារ៉ា បាន​ថ្លែងថា ការចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​លើ​ពិភពលោក​នេះ​បានធ្វើឱ្យ​តំបន់ឆ្នេរ​កម្ពុជា​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​វិនិយោគ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ត្រូវបាន​ចាត់ទុកថា​ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​ភាព​ទាក់ទាញ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​នៅ​កម្ពុជា និង​ក្នុង​តំបន់ ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ បន្ទាប់ពី​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ សៀមរាប​-​អង្គរ និង​រាជធានី​ភ្នំពេញ ពិសេស​ខេត្ត​ព្រះសីហនុ​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​ជា «​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​»​។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​គាំទ្រ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​អង្គ​មហា​ស​និ្ន​បាត​ដែល​បានអនុម័ត​ដាក់ចេញ​ធម្មនុញ្ញ​ឆ្នេរ (Charter of Bay) ពិសេស​បានដាក់​បញ្ចូល​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​នឹង​ក្លាយជា​ឯកសារ​គោល​ដ៏​សំខាន់​សម្រាប់​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​នានា​ក្នុង​ការធានា​ការអភិវឌ្ឍ​ឆ្នេរសមុទ្រ​របស់ខ្លួន​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានស្នើ​ឱ្យមាន​ការអនុវត្ត​ឱ្យបាន​ហ្ម​ត​ចត់​នូវ​ធម្មនុញ្ញ​ឆ្នេរ​នេះ ដោយ​ត្រូវ​យកចិត្តទុកដាក់​ជំរុញឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ក្នុង​តំបន់ ឆ្លើយតប​ទៅនឹង​ទស្សនទាន «​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ និង​អភិរក្ស​ធនធាន​សមុទ្រ និង​ថែរក្សា​ឆ្នេរសមុទ្រ​ឱ្យបាន​ស្អាត ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅតាម​តំបន់ឆ្នេរ ដោយ​ជំរុញឱ្យមាន​ការផ្តោះប្តូរ និង​ចែករំលែក​បទពិសោធន៍​រវាង​ឆ្នេរ​សមាជិក​ក្លិប​ទៅវិញទៅមក​ផងដែរ​។​

​ចំពោះ​កម្ពុជា​ដើម្បី​ជំរុញ​ដំណើរការ​គ្រប់គ្រង និង​អភិវឌ្ឍ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​ប្រកបដោយ​និរន្តរភាព ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​ជា​តំណាង​ឆ្នេរសមុទ្រ​កម្ពុជា រួមទាំង​អភិបាលខេត្ត​ជាប់​តំបន់ឆ្នេរ​ទាំង​៤ យក​អនុសាសន៍​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែង​ក្នុង​ពិធី​ក្នុង​បើក​មហាសន្និបាត និង​លទ្ធផល​នៃ​មហាសន្និបាត​ទៅ​អនុវត្ត​ក្រោម​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​រៀបចំ​ជា​សំណើ​គោរព​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ​ការកំណត់​ឱ្យមាន​ការរៀប​ចំ​វេទិកា​ជាតិ​តំបន់​ឆ្នេរសមុទ្រ​ប្រចាំឆ្នាំ ព្រមជាមួយ​ការងារ​មួយចំនួនទៀត ដែល​សម្តេច​បាន​លើក​ជា​អនុសាសន៍​ក្នុង​ពិធី​បើក​មហាសន្និបាត ដើម្បី​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ជាគោលការណ៍​ផ្លូវការ​។​

​ឯកឧត្ដម ជា សុផារ៉ា បានបញ្ជាក់​ទៀតថា ក្នុងនាម​អគ្គលេខាធិការ​ក្លិប​សម្រាប់​អាណត្តិ (២០២៣-២០២៥) កម្ពុជា​នឹង​ខិតខំ​បំពេញបេសកកម្ម​មួយ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​លេខាធិការដ្ឋាន​ក្លិប រួមជាមួយ​កិច្ចសហការ​ផ្សេងៗ​រវាង​ឆ្នេរសមុទ្រ​កម្ពុជា និង​ឆ្នេរ​សមាជិក​ផ្សេងទៀត ដូចដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​នា​ពិធី​បើក​មហាសន្និបាត​អំពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​កម្ពុជា​ក្នុងការ​ធ្វើជា​លេខាធិការដ្ឋាន​ក្លិប​នេះ​។​

​គួរ​ជម្រាប​ថា ឆ្នេរសមុទ្រ​កម្ពុជា​ត្រូវបាន​បញ្ចូល​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ក្នុងឱកាស​មហាសន្និបាត​លើក​ទី​៧​របស់​ក្លិប​ឆ្នេរ​នេះ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១១ នៅ​ទីក្រុង​តួ​បា​គួ​តា ប្រទេស​សេ​ណេ​ហ្គា​ល់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close