កម្ពុជាគ្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន
ក្នុងជំនួបជាមួយ ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា កម្ពុជាគ្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងបច្ចុប្បន្ន ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាពិសេសការពង្រីកផ្លូវរថភ្លើងឱ្យសមស្របទៅនឹងបទដ្ឋានអន្តរជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា ដែលភាគីទាំងពីរ កម្ពុជា-កូរ៉េ ទើបនឹងចុះហត្ថលេខាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ ក្នុងឱកាសនោះក៏មានការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន ៧០លានដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទំហំទឹកប្រាក់ប្រមាណជិត ២៤៦ដុល្លារអាមេរិក ផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណដូចគ្នា ចំពោះរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់នូវកិច្ចសហការល្អ ហើយ ឯកឧត្តម បានបន្ថែមថា៖ ផ្លូវថ្នល់ គឺជាបច្ច័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍកម្រិតនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះហើយបានជាការចូលរួមក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជារឿងមួយដែលរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តែងតែយកចិត្តទុកដាក់ចំពោះប្រទេសជាមិត្ត ដើម្បីរឹតបន្តឹងចំណងសម្ព័ន្ធមេត្រីភាពល្អជាមួយគ្នា។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ឱ្យជ្រាបថា៖ បើទោះជាបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាត្រូវបានបញ្ចប់ ហើយគ្រោងនឹងវិលត្រឡប់ទៅមាតុភូមិវិញក្នុងពេលឆាប់ៗនេះក៏ដោយ ប៉ុន្តែឯកឧត្តមផ្ទាល់នៅតែមានសុឆន្ទៈ ក្នុងការចូលរួមគាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា ដោយនឹងជួយជម្រុញណែនាំដល់វិនិយោគិនកូរ៉េ ដែលមានបំណងធ្វើការវិនិយោគនៅក្រៅប្រទេស ឱ្យងាកមកពិចារណាលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសាធារណការ និងដឹកជញ្ជូននេះផ្ទាល់។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលក្រុមការងារអន្តរក្រសួង និងភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រឹង យកអស់កម្លាំងកាយចិត្តក្នុងការរៀបចំសេចក្តីព្រាងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnership Contract – PPP) ឱ្យបានចប់សព្វគ្រប់ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅរកការចុះហត្ថលេខា នាដើមឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពប្រមុខថ្នាក់ដឹកនាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺពិតជាស្ថិតក្រោមទម្រង់នៃការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ប្រាកដមែន ដោយហេតុថាភាគីរដ្ឋទទួលបន្ទុកលើហិរញ្ញប្បទានក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ហើយភាគីក្រុមហ៊ុនឯកជនទទួលបន្ទុកក្នុងការវិយោគសាងសង់ផ្លូវ និងហេដ្ឋរចនាសម្ព័ន្ធនានា។ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជ្រើសយកវិធីវិនិយោគបែបនេះ គឺដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គ តាមរយៈស្ពានដែលមាន៤គន្លង ដោយមិនចាំបាច់មានការចំណាយបន្ថែម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។