ស៊ីម៉ាក់ទទួលថវិកាជិត២០ម៉ឺនដុល្លារ លើគម្រោងកណ្តុរហិតមីន និងបោសសម្អាតមីននៅខេត្តសៀមរាបសម្រាប់ឆ្នាំ២០១៩
សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ អង្គភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានទទួលថវិកាជិត២ម៉ឺនដុល្លារអាមេរិក លើគម្រោងសាមហរណកម្មកណ្តុរហិតមីន និងការបោសសំអាតមីននៅក្នុងខេត្តសៀមរាប ដោយការចុះហត្ថលេខាលើគម្រោងនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ធ្នូ ម្សិលមិញ រវាង លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងអង្គការ APOPO។
លោក ហេង រតនា បានបញ្ជាក់ថា គម្រោងនេះមានរយ:ពេល១២ខែ គិតចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយប្រតិបត្តិការបោសសំអាតតំបន់ចំការមីន នៅខេត្តសៀមរាប។
សូមជម្រាបថា ស៊ីម៉ាក់មានផែនការ សម្រាប់ឆ្នាំ២០១៩ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា ជាមួយសកម្មភាពអប់រំ ការស្រាវជ្រាវតំបន់គំរាមកំហែង និងការជួយសង្គ្រោះជនពិការដោយសារមីន ដែលនឹងពង្រាយកំលាំងប្រតិបតិ្តការប្រមាណ១ពាន់៧រយនាក់ សុនខ ៦៨ក្បាល គ្រឿងចក្រកំទេចមីនចំនួន៤៥គ្រឿង និងកម្លាំងអន្តរាគមន៍ បណ្តាញសគ្រ័ចិត្តជាង២ពាន់៥០០នាក់។
ដើម្បីសំរេចគោលដៅផែនការនេះ អង្គភាពស៊ីម៉ាក់ត្រូវអនុវត្តគំរោងនានាចំនួន២៩គំរោង គិតជាថវិកាចំនួនជាង១៦លានដុល្លារអាមេរិក ហើយគិតមកត្រឹមថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពមានគំរោងមួយចំនួនបានទទួលការអនុមត័រួចហើយ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ គំរោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចារ ដើម្បីទទួលបានការឯកភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។