លែងមាន​ការប្រកាសអាសន្ន ពី​ករណី​ឆ្លង​កូ​វីដ​១៩​ទៀតឡើយ​នៅលើ​ពិភពលោក​ឆ្នាំ​២០២៣

សារព័ត៌មាន AFP នៅ​ថ្ងៃ ទី​១៥ ខែធ្នូ ឆ្នាំ​២០២២ បាន​ផ្សាយ​ថា ពិភពលោក​បាន​ស្ថិតនៅក្នុង​ស្ថានភាព​អាសន្ន រយៈពេល​៣​ឆ្នាំកន្លងមក ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ នៅក្នុង​ឆ្នាំ​២០២៣​នេះ ប្រមុខ WHO សង្ឃឹមថា​ការប្រកាសអាសន្ន​ជំងឺ​កូ​វីដ​១៩ នឹងមិន​មាន​ឡើយ​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​និយាយ​នៅ​ថ្ងៃទី​១៤​ខែធ្នូ​ថា លោក​សង្ឃឹមថា​ជំងឺ​កូ​វីដ​១៩ នឹងមិន​ត្រូវបាន​ចាត់ទុក​ថា​ជា​គ្រោះអាសន្ន​ផ្នែក​សុខភាព​សាធារណ​សកល​ទៀត​ទេ នៅ​ឆ្នាំ​២០២៣ ខាងមុខ​។

​ការអត្ថាធិប្បាយ​របស់​លោក ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស ខាងលើនេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ចំ​ពេលដែល​ប្រទេស​ចិន​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ «​សូន្យ កូ​វីដ​» ​ដ៏​តឹងរ៉ឹង​របស់ខ្លួន និង​អនុញ្ញាត​ឲ្យ​មនុស្ស​រស់នៅ​ជាមួយ​មេរោគ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា​ពិភពលោក​អាច​ប្រឈម​នឹង​ការកើនឡើង​នៃ​ការឆ្លង​កូ​វីដ​១៩ សារជាថ្មី​។​

​នៅពេល​សួរ​អំពី​លក្ខខណ្ឌ​ដែល​ត្រូវការ​សម្រាប់​ការបញ្ចប់​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​សកល អ្នកជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភព (WHO) លោកស្រី ម៉ា​រៀ វាន ខឺ​ក​ខូវ (Maria Van Kerkhove) បាន​និយាយថា​ «​នៅមាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​»​។​

​នាយក​ផ្នែក​សង្គ្រោះបន្ទាន់​របស់ WHO លោក ម៉ា​យ រ៉ា​យ​អាន (Mike Ryan) បានលើកឡើង​ស្រដៀង​គ្នា​នេះ​ថា​ «​ប្រសិន​ប្រជាជន​ដ៏​ច្រើន​មិនទាន់បាន​ចាក់​វ៉ាក់សាំង ពិភពលោក​នៅតែ​មានកា​រងារ​ជាច្រើន​ដែល​ត្រូវធ្វើ​។ ត្រឹមតែ​វិធានការ​ត្រួតពិនិត្យ​មិនអាច​បញ្ចប់​ជំងឺ​នេះ​បានទេ​»​។ ស្ថាប័ន WHO បានរៀបចំ​ប្រជុំគ្នា​រៀងរាល់​ពីរ​ទៅ​បី​ខែម្តង ដើម្បី​សម្រេច​ថា​តើ​មេរោគ​កូ​វីដ​១៩ ដែល​បានសម្លាប់​មនុស្ស​ជាង ៦.៦​លាន​នា​ទូទាំង​ពិភពលោក នៅតែ​តំណាង​ឲ្យ គ្រោះអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​សកល ដែរឬទេ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close