កម្ពុជា ទទួលចំណូលជាង ៨០លានដុល្លារអាមេរិក ពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មការអន្តរ ក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និង រៀបចំការលក់ ឬដេញថ្លៃ ដែលផ្តោតជាសំខាន់លើដំណោះស្រាយចំពោះសំណើផ្សេងៗពីប្រជាពលរដ្ឋ ការត្រៀមរៀបចំពិព័រណ៍ផ្លាកលេខនិងរថយន្តដើម្បីកត់សម្គាល់ខួបបីឆ្នាំនៃការដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួន ទិសដៅការងារឆ្នាំ២០២៣សំដៅពង្រឹង ការងារផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរថែមឡើង ការត្រៀមរៀបចំរបាយការណ៍សន្និបាតបូក សរុបលទ្ធផលការងាររបស់ក្រសួងឆ្នាំ២០២២ និងការរៀបចំផែនការដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន។
ជាមួយគ្នានោះដែរ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំ ត្រីមាសរបស់អនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស ទាក់ទងនឹងការស្វែងរកលេខ ពិសេសផ្ទាល់ខ្លួន លេខដែលលក់ចេញទាបជាងគេ លេខដែលលក់ចេញខ្ពស់ជាងគេ ការផ្សព្វផ្សាយ ការដេញថ្លៃ និងផែនការសកម្មភាពពិព័រណ៍ផ្លាកលេខ និងរថយន្ត។
ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំចូលរួមផ្តល់ មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុលសំដៅធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាព ពិព័រណ៍ផា្លកលេខពិសេស និងរថយន្តមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យដំណើរការរៀបចំប្រារព្ធខួប ៣ឆ្នាំនៃការលក់លេខពិសេសផ្ទាល់ខ្លួនអាចប្រព្រឹត្តទៅបានដោយរលូន និងបានគូសបញ្ជាក់បន្ថែមទៀត ថាចំណូលមួយចំនួនដែលបានមកពីកម្មវិធីពិព័រណ៍ការលក់លេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នឹងត្រូវយកទៅរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំបានថ្លែងកោតសរសើរដល់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររៀបចំផែនការសកម្មភាពពិព័រណ៍លក់លេខពិសេសផ្ទាល់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងបានស្នើឱ្យអង្គប្រជុំធ្វើការពិភាក្សា និងសម្រេចជាគោលការណ៍រួមលើផែនការសកម្មភាពនេះដើម្បីដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រីពិនិត្យសម្រេចជាផ្លូវការ។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា៖ គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់បានសរុបប្រមាណជាង២៣១ពាន់លេខ ទទួលបានចំណូលសរុបប្រមាណ ជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារអាមេរិក ក្នុងនោះ៖ លេខពិសេសលក់បានប្រមាណ ជាង២១៥ពាន់លេខ ទទួលបានចំណូលប្រមាណជាង២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ អាមេរិក និងលេខពិសេសផ្ទាល់ខ្លួនលក់បានប្រមាណជាង១៥ពាន់លេខ ទទួលបានចំណូលប្រមាណ ជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារអាមេរិក។ ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបប្រមាណជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារអាមេរិក កើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។