បញ្ហារូបថតឯកជនរបស់ម្ចាស់គណនីជិត៧លាន ត្រូវបានគេយកទៅកាន់កាប់បាននោះ ហ្វេសបុកចាប់ផ្តើមដោះស្រាយហើយ
ចាប់ផ្តើមពីសប្តាហ៍ក្រោយតទៅ Facebook នឹងបង្កើត Tool មួយអាចផ្តល់ឲ្យអ្នកអភិវឌ្ឍកម្មវិធីអាចត្រួតពិនិត្យមើលបាន តើពួកគេមានទទួលរងផលប៉ះពាល់បែបណាឬអត់ និងការអនុញ្ញាតឲ្យមានការលុបចោលនូវរូបភាព ដែលពួកគេមិនគួរចូលទៅ ទាក់ទងនឹងបញ្ហា រូបថតឯកជនរបស់គណនីជិត៧លាននាក់ ដែលត្រូវបានគេលួចយកទៅប្រើប្រាស់បាន ទោះបីជារូបទាំងនោះ ត្រូវបានទុកជាសម្ងាត់ មិនបង្ហាញជាសាធារណៈក៏ដោយ។
ផ្ទុះរឿងអាស្រូវ នៃប្រព័ន្ធសុវត្ថិភាពថ្មីមួយទៀត ដោយFacebook បានចេញផ្សាយ កាលពីចុងសប្តាហ៍កន្លងទៅថា កំហុសឆ្គងPhoto API បានអនុញ្ញាតឲ្យអ្នកអភិវឌ្ឍកម្មវិធីអាចចូលទៅកាន់រូបថតរបស់អ្នកប្រើប្រាស់ប្រមាណជា ៦,៨ លានគណនី ទោះបីប្រភេទរូបទាំងនោះ មិនបានបង្ហោះលើបណ្ដាញសង្គមជាសាធារណៈ (Public) ក៏ដោយ។
ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះបានអះអាងថា ខ្លួនរកឃើញចន្លោះប្រហោង កាលពីថ្ងៃទី ២៥ កញ្ញា និងបានជួសជុលរួចជាស្រេច ប៉ុន្តែគួរឲ្យសោកស្តាយការខុសឆ្គងនេះបានកើតមានតាំងពីថ្ងៃទី ១៣ កញ្ញា មកទល់ថ្ងៃទី ២៥ កញ្ញា ២០១៨ មកម្ល៉េះ។ Facebook បានសរសេរថា៖ ”ផលប៉ះពាល់កើតមានលើអ្នកប្រើប្រាស់ដែល Login គណនី Facebook និងបើកការអនុញ្ញាតឲ្យភាគីទី ៣ មានសិទ្ធភ្ជាប់ទៅកាន់ទិន្នន័យរូបថតរបស់ពួកគេ”។
បច្ចុប្បន្នភាព Facebook បានប៉ាន់ប្រមាណថា មានប្រហែល ១៥០០ កម្មវិធីចេញពី Developer ចំនួន ៨៧៦ នាក់ផ្សេងពីគ្នាទទួលផលប៉ះពាល់ជាមួយកំហុសឆ្គងសុវត្ថិភាពនេះ ដោយសរុប App ទាំងអស់មានតួលេខអ្នកប្រើប្រាស់ប្រមាណ ៦,៨ លានគណនី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។