ឆេះ​ខុន​ដូ ជាន់​ទី​៤០ ជាប់មាត់​ទន្លេ​ចៅ​ប្រា​យ៉ា ប្រទេស​ថៃ តែ​មិនមាន​អ្នករងរបួស

​បាងកក​៖ ប៉ូលីស​បាន​និយាយថា យូ​នី​ត​ខុន​ដូ​មួយ នៅក្នុង​អគារ​ខ្ពស់​ដ៏​ប្រណិត​មួយ នៅ​ច្រាំងទន្លេ​ចៅ​ប្រា​យ៉ា ក្នុង​ទីក្រុង​បាងកក ត្រូវបាន​ខូចខាត​ដោយសារ​ភ្លើង​ឆេះ កាលពី​រសៀល​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ។

​ប៉ូលិស​បាន​រាយការណ៍​ពី​ការខូចខាត​ទ្រព្យសម្បត្តិ ប៉ុន្តែ​មិនមាន​អ្នករងរបួស​ទេ ។ ប៉ុស្តិ៍នគរបាល​ត្រូវបាន​ជូនដំណឹង នៅ​ម៉ោង​ប្រហែល ១៖៣០ រសៀល អំពី​អគ្គីភ័យ​នៅ​ជា​ន់ទី ៤០ នៃ Saichol Mansion B ដែលជា​អគារ​ខុន​ដូ ៤២ ជាន់​នៅលើ​ផ្លូវ Charoen Nakhon ក្នុង​សង្កាត់ Bang Lampu Lang ។

​ក្រុមមន្ត្រី​បាន​ជម្លៀស​ប្រជាជន​ថៃ និង​បរទេស​ជាង ១០០​នាក់​ចេញពី​អគារ​នេះ ហើយ​ក្រុម​ពន្លត់អគ្គីភ័យ​បាន​ពន្លត់ភ្លើង​ក្នុង​រយៈពេល​ប្រហែល ១៥​នាទី ។

​ប៉ូលិស​បាន​និយាយថា អគ្គិភ័យ​បាន​បំផ្លាញ​ទំហំ ២០​ម៉ែត្រការ៉េ នៅ​ខាងក្នុង​បន្ទប់​ខុន​ដូ ។ សម្ភារ​ដែល​រង​ការខូចខាត​រួមមាន​គ្រែ​ធំ​មួយ និង​សម្ភារ​ក្នុងផ្ទះ​មួយចំនួនទៀត ។​

​ប៉ូលិស​បាន​និយាយថា បន្ទប់​នោះ​ជួល​ដោយ​គ្រួសារ​ជនជាតិ​ឥណ្ឌា​ដែលមាន​គ្នា ៥​នាក់​។ អគ្គីភ័យ​ដែល​គេ​សង្ស័យថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី តែ​គ្មាន​អ្នកណា​នៅក្នុង​បន្ទប់ ពេល​កើតហេតុ​ទេ​។ ក្រុមគ្រួសារ​នឹងត្រូវ​សាកសួរ​នៅពេល​ក្រោយ​ជា​ផ្នែក​នៃ​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​ការឆេះ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close