មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត សាខា​ផ្សារ​ដី​ហុយ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​មិគសិរ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) សាខា​ផ្សារ​ដី​ហុយ ដោយមាន​ការចូលរួម​ផងដែរ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) ថ្មី ដែល​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នាឱកាស​នេះ គឺ​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រីក​ការផ្តល់សេវា​សាធារណៈ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​កាន់តែ​ខិតជិត​បងប្អូន​ប្រជាពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។ មណ្ឌល​ឆៀក សាខា​ផ្សារ​ដី​ហុយ​នេះ គឺ​ស្ថិតក្រោម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន So Brothers Co., Ltd. ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​៥ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា​៖ ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ទៀងទាត់​ទៅតាម​ការកំណត់ គឺ​ពិត​ជាមាន​សារៈសំខាន់​ជាខ្លាំង ពីព្រោះ​វា​ធានាបាន​នូវ​ការផ្តល់​សុវត្ថិភាព​ដល់​យានយន្ត​ពេលធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ ពិសេស​គឺ​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​កត្តា​យានយន្ត​យន្ត ព្រមទាំង​រួមចំណែក​ថែរក្សា​បរិស្ថាន (​ការបញ្ចេញ​ឧស្ម័ន​ពី​យានយន្ត​ដែល​មិន​ស្របតាម​កម្រិត​កំណត់ គឺ​បង្កឱ្យមាន​សារធាតុបំពុល​ទៅក្នុង​បរិយាកាស និង​ប៉ះពាល់​ដល់​ស្រទាប់​អូហ្សូន​)​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​អំពី​ចំនួន​យានយន្ត​ដែល​ហួស​សុពលភាព​ឆៀក ដែល​ក្នុងនោះ​មាន​ចំនួន​ប្រមាណ​ជាង ១៧០​ពាន់​គ្រឿង ក្នុងចំណោម​យានយន្ត​ដែល​បាន​ចុះបញ្ជី​សរុប ជាង​១​លាន​គ្រឿង​នៅ​ទូទាំងប្រទេស​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ សូម​យក​យានយន្ត​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ឱ្យបាន​ទៀងទាត់ ជៀសវាង​ទទួលរង​នូវ​ការផាកពិន័យ​ដោយសារ​ហួស​សុពលភាព និង​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​រួមចំណែក​ថែរក្សា​បរិស្ថាន ដូច​បាន​រៀបរាប់​ពី​ខាងដើម​។ ដើម្បី​បញ្ចៀស​នូវ​ការរង់ចាំ និង​កកស្ទះ​នៅ​មណ្ឌល​ឆៀក បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាចដាក់​ពាក្យ​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ដើម្បី​ណាត់​ពេលវេលា​ក្នុងការ​យានយន្ត​មក​ត្រួតពិនិត្យ តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​៖ https://techinspection.mpwt.gov.kh ផងដែរ​។​

​សូម​ជម្រាបជូន​ដែរ​ថា​៖ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឆៀក​) សាខា​ផ្សារ​ដី​ហុយ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦ ក្នុងភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ជាទី​តាំង​ដំបូង របស់​ក្រុមហ៊ុន So Brothers Co., Ltd. សាងសង់​លើ​ផ្ទៃដី​ទំហំ ៣៩៦០ ម៉ែត្រក្រឡា បំពាក់​ដោយ​២​ខ្សែ​ត្រួតពិនិត្យ ក្នុងនោះ​ខ្សែ​ទីមួយ​សម្រាប់​ត្រួតពិនិត្យ​យានយន្ត ដែលមាន​ទម្ងន់​អ័ក្ស​រហូតដល់ ៣​តោន និង​ខ្សែ​ទី​ពីរ​សម្រាប់​ត្រួតពិនិត្យ​យានយន្ត ដែលមាន​ទម្ងន់​អ័ក្ស​រហូតដល់ ១០​តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close