ករណីគ្រឿងញៀនជិត១តោននៅខេត្តព្រះសីហនុ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១០នាក់ មានទាំងខ្មែរ និងចិន
ករណីបង្រ្កាបគ្រឿងញៀនប្រមាណជិត១តោននៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ ឥឡូវសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០នាក់ហើយ ដែលមានជនជាតិខ្មែរចំនួន២នាក់ និងជនជាតិចិនចំនួន៨នាក់។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជ អាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ រកឃើញថ្នាំញៀនចំនួន៣៤បាវ ដែលមានទម្ងន់រហូតដល់៨៨៤គីឡូក្រាម។
ក្រោយការបង្រ្កាបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២០ ខែធ្នូ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន១០នាក់។
លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យពួកគេ រក្សាទុកគ្រឿងញៀនទាំងនេះ គឺគោលបំណង ដើម្បីជួញដូរទៅប្រទេសទី៣ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។