ស្ថានីយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ទីលាន​ទុកដាក់​សំរាម តម្លៃ​ជាង ២២​លាន​ដុល្លារ នៅក្នុង​ក្រុង​កំពង់ចាម គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ​

​កំពង់ចាម​៖ នា​ដើម​សប្តាហ៍​នេះ​ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដើម្បី​ត្រៀម​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ទីលាន​ទុកដាក់​សំរាម នៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នាឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​គូសបញ្ជាក់ថា ក្រសួង​នឹង​ត្រៀម​រៀបចំ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ទីលាន​ទុកដាក់​សំរាម​នៅ​ក្រុង​កំពង់ចាម នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​ក្រើនរំលឹក​ផងដែរ​ដល់​អាជ្ញាធរខេត្ត​ឱ្យ​ត្រៀម​រៀបចំ​ធនធានមនុស្ស​ឱ្យបាន​រួចជាស្រេច​ដើម្បី​ចូលទៅ​គ្រប់គ្រង​សមិទ្ធផល​ថ្មី​នេះ ព្រោះ​ជា​បទពិសោធន៍ បញ្ហា​នេះ​បាន​កើតមានឡើង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ដែល​ក្រោយពេល​ទទួល​សមិទ្ធផល​ហើយ​ជួប​បញ្ហា​ក្នុងការ​រៀបចំ​ធនធានមនុស្ស​ដើម្បី​គ្រប់គ្រង​។

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​ស្នើឱ្យ​រដ្ឋបាលខេត្ត​កំពង់ចាម​ជ្រើសរើស​មន្ត្រី​ដើម្បី​ចូលទៅ​បម្រើ​ការងារ នៅពេលដែល​សមិទ្ធផល​ថ្មី​នេះ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​ត្រៀម​ពិនិត្យ​លទ្ធភាព​រក​ទីតាំង​ជាស្រេច​នៅ​ទីប្រជុំជន ឬ​តំបន់​ណា​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​សម្រាប់​ត្រៀម​រៀបចំ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ដទៃទៀត ដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ឆ្ងាយ​ពី​ទីប្រជុំជន​ខ្លាំងពេក ដែលជា​កត្ដា​ចំណាយ​ថ្លៃដើម​នៃ​ការដឹកជញ្ជូន​ខ្ពស់ និង​ធ្វើឱ្យប៉ះពាល់​ដល់​ការចំណាយ​របស់​ប្រជាពលរដ្ឋ​។​

​សូម​ជម្រាបជូន​ថា គម្រោង​នៃ​ការសាងសង់​ស្ថានីយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ទីលាន​ទុកដាក់​សំរាម នៅក្នុង​ក្រុង​កំពង់ចាម​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ២២ លាន​ដុល្លារ ហើយ​ការរៀបចំ​ស្ថានីយ​នេះ​ត្រូវ​បែង​ចែកជា​តំបន់ ដោយ​ត្រូវ​ប្រមូល​ទឹក​កខ្វក់​ចេញពី​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​តំបន់​អគារ​ពាណិជ្ជកម្ម ចូលទៅក្នុង​តំបន់​ធំ​មួយ​ដើម្បី​ធ្វើ​ប្រព្រឹត្ត​កម្ម​មុននឹង​បង្ហូរ​ចូលក្នុង​ប្រភពទឹក​សាធារណៈ​។ នៅពេល​ស្ថានីយ៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ត្រូវបាន​សាងសង់​រួចរាល់​ក្រុង​កំពង់ចាម​ទាំងមូល នឹង​លែងមាន​ក្លិនស្អុយ​តទៅទៀត​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close