ម៉ាឡេស៊ី​៖ មនុស្ស​រាប់ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព​

​មនុស្ស ៥ នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ជាង ៦៦.000 នាក់​នៅក្នុង​រដ្ឋ​ចំនួន ៥ ក្នុងប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ជម្លៀសចេញ បន្ទាប់ពី​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បាន​វាយប្រហារ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី ២0 ខែធ្នូ បានឱ្យដឹងថា ក្នុងចំណោម​ជនរងគ្រោះ​ដែល​ស្លាប់​នោះ មាន​ក្មេងប្រុស​អាយុ​១៥​ខែ​ម្នាក់​។​

​ទីភ្នាក់ងារសារព័ត៌មាន Bernama បាន​ផ្សាយ​ថា តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​ប្រទេស ដោយ​មនុស្ស ៣៧.៣៩២ នាក់​នៅក្នុង​រដ្ឋ Terengganu ត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​សង្គ្រោះ​ទឹកជំនន់​។​

​ជនរងគ្រោះ​ដោយ​ទឹកជំនន់​សរុប​ចំនួន ៦៦,៧១៨​នាក់ ត្រូវបាន​កត់ត្រា​នៅ​មជ្ឈមណ្ឌល​ទាំងនេះ ដោយ​ចំនួន​នៅតែ​បន្ត​កើនឡើង​នៅក្នុង​ខេត្ត​តឺ​រ៉េ​ង​ហ្គា​នូ (Terengganu) កឺ​ឡាន់​តាន់ (Kelantan) និង​ប៉េ​ណាំង (Pahang)​។​

​យោងតាម​ទិន្នន័យ​តាមដាន​ទឹកជំនន់​របស់​រដ្ឋាភិបាល កម្រិត​ទឹក​នៃ​ទន្លេ​សំខាន់ៗ​មួយចំនួន​រួមមាន​ទន្លេ​ស៊ុន​ហ្គៃ ហ្កូ​ឡុ​ក (Sungai Golok) និង​ស៊ុន​ហ្គៃ ឡេ​បៀ (Sungai Lebir) ក្នុង​រដ្ឋ​កឺ​ឡាន់​តាន់ (Kelantan) ត្រូវបាន​ចាត់ទុកថា​ជាទី​មាន​គ្រោះថ្នាក់​។​

​នាយកដ្ឋាន​ឧតុនិយម​ម៉ាឡេស៊ី (MET Malaysia) បាន​ឲ្យ​ដឹងថា ទិន្នន័យ​បង្ហាញ​ពីរ​លក​ទី​ពីរ​នៃ​ខ្យល់មូសុង​ឦសាន ដែល​ពីមុន​ត្រូវបាន​ព្យាករណ៍​ថា នឹង​អូសបន្លាយ​ពីថ្ងៃ​ទី​១៧ ខែធ្នូ ដល់​ថ្ងៃទី​២១ ខែធ្នូ ហើយ​ឥឡូវនេះ​ត្រូវបាន​ព្យាករ​ថា​នឹង​បន្ត​រហូតដល់ ថ្ងៃទី​២៥ ខែធ្នូ​។​

​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ មនុស្ស​សរុប​ចំនួន ៩២,១៥៧​នាក់ កំពុងស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​នៅ​ទូទាំង​រដ្ឋ​ចំនួន ១១ ចាប់តាំងពី​ខ្យល់មូសុង​បាន​វាយប្រហារ​ប្រទេស​ម៉ា​ឡេ​ស៉ី កាលពីដើម​ខែវិច្ឆិកា​ម​ក​៕

Rescue officials evacuate people in a boat in Shah Alam, Selangor on December 20, 2021, as Malaysia faces some of its worst floods for years. (Photo by Arif KARTONO / AFP)


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close