រុស្ស៊ី​មាន​គោលដៅ បង្កើន​ចំនួន​កងទ័ព​ដល់​ទៅ​១,៥​លាន​នាក់​

​យោងតាម​សារព័ត៌មាន Al Jazeera កាលពី​ថ្ងៃទី ២១ ខែធ្នូ ក្នុង​សន្និសីទ​ចុងឆ្នាំ​ជាមួយ​មេបញ្ជាការ​យោធា​រុស្ស៊ី រដ្ឋមន្ត្រី​ការពារជាតិ​លោក Sergei Shoigu បាន​និយាយថា កងទ័ព​រុស្ស៊ី​ត្រូវតែ​ពង្រីក​ពី​ទាហាន​បច្ចុប្បន្ន ១ លាន​នាក់ ដល់ 1.5 លាន​នាក់ រួមទាំង​ទាហាន​កិច្ចសន្យា​ស្ម័គ្រចិត្ត​ចំនួន 695.000 នាក់​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​ក៏បាន​ស្នើ​បន្ថែម​អាយុ​កាតព្វកិច្ច​យោធា​សម្រាប់​ពលរដ្ឋ​ចាប់ពី​អាយុ ២១ ដល់ ៣០ ឆ្នាំ​។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានឱ្យដឹងថា នៅក្រោម​ច្បាប់​បច្ចុប្បន្ន ជនជាតិ​រុស្ស៊ី​ដែលមាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ២៧ ឆ្នាំ​អាច​ត្រូវបាន​ហៅ​ឱ្យចូល​បម្រើ​យោធា​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក Shoigu មិនបាន​និយាយថា​នៅពេលណា​ដែល​យោធា​រុស្ស៊ី​គ្រោង​នឹង​ឈានដល់​ចំនួន​ថ្មី​នោះទេ​។ នៅក្នុង​សន្និសីទ​ខាងលើ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សន្យា​ផ្តល់​កងកម្លាំងប្រដាប់អាវុធ​នូវ​អ្វីដែល​ពួកគេ​បានស្នើ​សុំ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​។ លោកពូ​ទីន​បាន​សង្កត់ធ្ងន់ថា​មិនមាន​ដែន​កំណត់​ផ្នែក​ហិរញ្ញវត្ថុ​ចំពោះ​អ្វីដែល​រដ្ឋាភិបាល​នឹង​ផ្តល់​យោធា​នោះទេ​។​

​ថ្ងៃទី ២១ ខែធ្នូ ប្រតិកម្ម​ចំពោះ​ព្រឹត្តិការណ៍​ដែល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក វិមាន​ក្រឹម​ឡាំង​បាន​និយាយថា ខ្លួន​មិនបាន​ឃើញ​ការរំពឹងទុក​នៃ​កិច្ចចរចា​សន្តិភាព​ជាមួយ​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើក​នេះ​។ រុស្ស៊ី​ក៏បាន​សង្កត់ធ្ងន់ថា ការបន្ត​ផ្គត់ផ្គង់​សព្វាវុធ​របស់លោក​ខាងលិច​ដល់​អ៊ុយ​ក្រែ​ន​នឹង​នាំទៅរក “​ភាព​ធ្ងន់ធ្ងរ​” នៃ​ជម្លោះ និង “​មិនល្អ​” សម្រាប់​អ៊ុយ​ក្រែ​ន​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close