កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប ឯកឧត្តម PABLO Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងចប់អាណត្តិដើម្បីសម្ដែងការគួរសម និងជម្រាបលា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងបានអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរាជទូត ដែលបានបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D) ដែលក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ហើយសង្ឃឹមថា អូស្ត្រាលី នឹងបន្តការគាំទ្រនៅក្នុង វិស័យនេះ។
ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល អាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។