ពន្ធដារ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២ ចាប់ពីពាល់កណ្តាលខែមករា ឆ្នាំ២០២៣ តទៅ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ។
តាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២២ ខែធ្នូ បានឱ្យដឹងថា ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នៅតាមគោលដៅ មួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ។
សេចក្តីជូនដំណឹងបន្តថា ក្នុងករណីម្ចាស់យានយន្តខកខានមិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២២កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមមធ្យោបាយនៅតាមដៃគូសហការធនាគារ។
សេចក្តីជូនដំណឹងបញ្ជាក់ថា ៖ «អគ្គនាយកដ្ឋានពន្ធដារសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្ត ទាំងអស់នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបាន ទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះ ចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថាហេតុ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។