សមត្ថកិច្ច​កំពុងស្រាវជ្រាវ ករណីអគ្គិភ័យ​ឆេះ​ ២កន្លែងផ្សេង​គ្នា នៅ​ជិតភ្លឺថ្ងៃទី២៦ ធ្នូ

មកទល់ពេលនេះ សមត្ថកិច្ច​កំពុង​តែធ្វើការស្រាវជ្រាវនូវឡើយ ចំពោះហេតុការណ៍អគ្គិភ័យ​ឆេះ​ទីតាំងពីរកន្លែង គឺនៅ​សង្កាត់វាលវង់ និង​ សង្កាត់បឹងសាឡាង បណ្តាល​ឲ្យ​ខូចខាតសម្ភារៈ​អស់មួយ​ចំនួនធំ។

បើយោង​តាម​របាយការណ៍​របស់អគ្គនាយកដ្ឋាន​បង្ការ ពន្លត់អគ្គិភ័យ បាន​បញ្ជាក់ថា ករណីទី១ បាន​កើត​ឡើង​នៅវេលាម៉ោង​ ០១:០០​ នាទីរំលងអធ្រាត្រ​ ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅ អាគារទី០៦ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ដោយ​បាន​បំផ្លាញសំណង់ថ្មបេតុង ទំហំ ០២ម៉ែត្រ X ០៤ម៉ែត្រ និង​ខូចខាតសម្ភារៈ ឆេះអស់ចំនួន ១១​ បន្ទប់​ អស់ទាំងស្រុង​ ។

ករណីខាងលើនេះ បាន​ប្រេី​ប្រាស់​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២១​ រថយន្ត​ ស្មើរនឹង ៨៤​ ម៉ែត្រគូប ដោយ​បានពន្លត់ចប់​​ នៅវេលា​ម៉ោង ០២:៣០​ នាទីទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល។

ដោយឡែកករណីទី២ បានកើត​ឡើង​នៅវេលាម៉ោង ០២:៣០ នាទីយប់​ ថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ ក្រោយ​ករណីទី១បន្តិច នៅតាមបណ្តោយផ្លូវមុនីរ៉េត ផ្ទះលេខ១៧១​ ក្រុម៤៩​ ភូមិ១៦​ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ដោយ​ម្ចាស់ទីតាំងឈ្មោះ​ ហ៊ួត មុំ ភេទ​ ស្រី អាយុ​ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ លក់ឈើបាឡែត ។ អគ្គិភ័យនេះ បណ្តាល​ឲ្យ​ខូចខាតសម្ភារៈ ឆេះផ្ទះចំនួន​ ០១​ ខ្ន​ង នឹងបានឆេះរាលដាលដល់ផ្ទះអ្នកជិតអស់ចំនួន០៣លែ្វង​ ជាមួយ​នឹង​រថយន្ត​តាកូម៉ាចំនួន​មួយ​គ្រឿង​ផងដែរ​។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៤២​ រថយន្ត​ ស្មើរនឹង ១៦៨​ ម៉ែត្រគូប និង​បានពន្លត់ចប់​​ នៅវេលា​ម៉ោង​ ០៤:០០​ នាទីទៀបភ្លឺ ថ្ងៃខែឆ្នាំដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close