អាជ្ញាធរ​មីន និង​ប្រតិបត្តិ​ករ​ទាំងអស់ តាំងចិត្ត និង​ដាក់​ផែនការ​ពង្រាយ​កម្លាំង​បោសសម្អាត​មីន ដែល​នៅសល់​ចំនួន ៦៧០ គីឡូម៉ែត្រ​ក្រឡា​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ រៀបចំ និង​បែងចែក​តំបន់​សម្រាប់​បោសសម្អាត​មីន ជាមួយ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ជាតិ​-​អន្តរជាតិ រួមមាន​កងទ័ពជើងគោក មជ្ឈមណ្ឌល​រក្សា​សន្តិភាព អង្គភាព​ស៊ីម៉ាក់ អង្គការ Halo Trust, MAG, NPA, CSHD និង APOPO ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការរៀបចំ​ផែនការ​បោសសម្អាត​មីន​ក្រោម​ការគាំទ្រ​ពី មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។​

​កិច្ចប្រជុំ​នេះ ប្រព្រឹត្តិ​ទៅក្នុង​គោលដៅ​ព​ន្លឿ​ន​ការងារ​បោសសម្អាត​មីន ប្រកបដោយ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ស្របតាម​ទស្សនវិស័យ​ដឹកនាំ​របស់​សម្តេច​តេ​ជោ កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥​។
​កិច្ចប្រជុំ​នេះ ក៏​ផ្តោត​សំខាន់​ផងដែរ លើ​ទីតាំង​ឈរជើង និង​ការពង្រាយ​កម្លាំង​របស់​ប្រតិបត្តិ​ករ​នីមួយៗ​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត ដើម្បី​ផ្តល់​លទ្ធភាព​ងាយស្រួល​ឲ្យ​អាជ្ញាធរ​មីន ធ្វើការ​ចាត់ចែង និង​រៀបចំ​ផែនការ​ឲ្យ​មាន​ប្រសិទ្ធភាព​។

​ក្នុងឱកាស​នោះ ក្នុងនាម សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ជូន​ចំពោះ​កងកម្លាំង​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា ព្រមទាំង​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង​នាពេល​កន្លងមក តាមរយៈ​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ព្រមទាំង​បានស្នើ​សុំ​ឲ្យ​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ​ទាំងអស់ ត្រូវ​បន្ត​ការ​កៀរគរ​ធនធាន​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ជា​មិត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ចូលរួម​គាំទ្រ និង​ព​ន្លឿ​ន​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​។​

​អាជ្ញាធរ​មីន និង​ប្រតិបត្តិ​ករ​ទាំងអស់ បានធ្វើការ​តាំងចិត្ត និង​ដាក់​ផែនការ​ពង្រាយ​កម្លាំង​បោសសម្អាត​មីន ដែល​នៅសល់​ចំនួន ៦៧០ គីឡូម៉ែត្រ​ក្រឡា ឲ្យ​បាន​ទាន់ពេលវេលា និង​សម្រេច​តាម​ផែនការ​គ្រោងទុក ទាំង​ប្រើប្រាស់​ទាំង​ធនធាន​មកពី​ដៃគូ​អភិវឌ្ឍន៍ និង​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close