ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ប្រកាស​បើក​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ ត្រូវបាន​ប្រកាស​បើក​ការប្រកួត​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ដោយមាន​ការចូលរួម​ពី ឯកឧត្តម យន់ លីន​ណេ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​, លោកស្រី ឈុន ណៃ​ឈី​វ នាយិកា​ចាត់ការ​ទូទៅ និង​ជា​តំណាង ក្រុមហ៊ុន Herbal Life ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី​ដែលជា​ថ្នាក់ដឹកនាំ និង​ជា​មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម មន្ត្រីរាជការ អាជ្ញា​ធម៌​ខេត្តសៀមរាប ក្រុម​ម៉ូតូ BMW កីឡាករ​-​កីឡាការិនី និង​ភ្ញៀវ​កិ​តិ្ត​យស​ជាតិ​-​អន្តរជាតិ​ជាច្រើនរូប​។​

​ថ្លែង​ក្នុងឱកាស​បើក​ការប្រកួត​នេះ ឯកឧត្តម​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ណែនាំ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវ​ឈរលើ​ស្មារតី កីឡា​ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និង​បង្កើន​គុណ​ផល​បច្ចេកទេស ព្រមទាំង​ត្រូវមាន​ការយោគយល់​គ្នា គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មិន​គិតតែ​ពី​ការយក​ឈ្នះ​-​ចាញ់​ឡើយ​។​

​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​សហព័ន្ធ ក៏បាន​ស្នើ​ដល់​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ត្រូវខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត ជូន​ដល់​កីឡាករ​-​កីឡាការិនី ប្រកបដោយ​ភាព​យុ​តិ្ត​ធម៌ មិន​លម្អៀង និង​គោរព​បាន​តាម​បទបញ្ជា​បច្ចេកទេស នៃ​ការប្រកួត​ធ្វើឱ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​ជា​ផ្លែផ្កា​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​សហព័ន្ធ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រតិភូ​ដឹកនាំ​ក្រុមកីឡា​ទោចក្រយាន​ទាំងអស់ ក្នុង​កិ​ច្ទ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទោចក្រយាន​នេះ​ប្រកបដោយ​ស្មារតី​មិត្តភាព សាមគ្គីភាព និង​គុណភាព ជាពិសេស​អាជ្ញាធរខេត្ត​សៀមរាប ដែល​បាន​សហការគ្នា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ខាងលើ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់ ដែល​ញុំ​ា​ង​ឱ្យ​កម្មវិធី​នេះ ទទួលបាន​កីឡាករ​-​កីឡាការិនី ចូលរួមបាន​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​ប្រធាន​បាន​បញ្ជាក់ថា នេះ​ជាការ​ប្រកួត​ប្រចាំឆ្នាំ​ចុងក្រោយ​ហើយ មុននឹង​ដល់ពេល​ដែល​ប្រទេស​យើង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ចំនួន​ពីរ​ចំណុច​គឺ​៖ ទី​១ -​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ឱ្យបាន​ល្អ ទោះ​មិន​បានឈ្នះ​មេដាយ ឬ​ឈ្នះ​មេដាយ​តិចក្តី ទី​២ -​ការ​ឈ្នះ​មេដាយ​គឺ​ត្រូវតែ​ត្រឹមត្រូវ និង​យុត្តិធម៌ មិនត្រូវ​ចង់​ឈ្នះ​មេដាយ​ដោយ​រំលោភបំពាន​ច្បាប់ ឬ​លក្ខន្តិកៈ​នៃ​ការប្រកួត​ឡើយ​។​

​សូម​ជម្រាបជូន​ថា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២២ ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ សម្រាប់​ហ្វឹកហាត់​បំប៉ន​សមត្ថភាព ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ការប្រកួត​អន្តរជាតិ​នានា ក្នុងពេល​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close